ក្រុមហ៊ុនរ៉ាយសិន(Risen)តម្លើងផ្ទាំងសូឡារថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ កំពុងតែដំណើរការសាងសង់ បានប្រមាណ ២៣% លើផ្ទៃដី ៦៥ហិកតា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
ក្រុមហ៊ុនរ៉ាយសិន(Risen) មកពីសាធារណរដ្ឋប្រជាមានិតចិន និងជាក្រុមហ៊ុនយក្សដ៏មានសក្តានុពលក្នុងការផលិតឋាមពលអគ្គីសនីពន្លឺព្រះអាទិត្យ និងមានបទពិសោធន៍ក្នុងការផលិតនូវថាមពលពន្លឺព្រះអាទិត្យ ប្រមាណជាង ១.០០០កន្លែង នៅលើពិភពលោក កំពុងតែបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបងនិងកំពុងតែដំណើរការក្នុងការសាងសង់ទីតាំងស្ថានីយ៍របស់ខ្លួននៅក្នុងភូមិសាស្ត្រភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបងលើផ្ទៃដីប្រមាណ៦៥ហិកតា និងអាចផលិតឋាមពលអគ្គីសនី (ពន្លឺព្រះអាទិត្យ) ចំនួន៦០ មេហ្គាវ៉ាត់។ ស្ថានីយ៍ផលិតឋាមពលព្រះអាទិត្យនេះគ្រោងនិងបញ្ចប់ក្នុងការសាងសង់ របស់ខ្លួន នៅដំណាច់ឆ្នាំ២០២០ ខាងមុខនេះ ។
នេះបើតាមការគូសបញ្ជាក់ របស់លោក លី ឡី តំណាងក្រុមហ៊ុនRisen ដែលបានធ្វើបទបង្ហាញតាមរយៈខ្សែវីដេអូខ្លី និង របាយការណ៍សកម្មភាពរបស់ក្រុមហ៊ុនក្នុងខណៈដែលឯកឧត្តម ងួន រតនៈ អញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់របស់ក្រុមហ៊ុននៅទីនោះ នៅរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ម្សឹលម៉ិញនេះ។
លោក លីវ ឡី ដែលជាអ្នកគ្រប់គ្រងការសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផលិតបាន៦០មេហ្គាវ៉ាត់ របស់ ក្រុមហ៊ុន រ៉ាយសិន អេនឺជី (ខេមបូឌា) បាត់ដំបង ឯ.ក បានឲ្យដឹងតាមរយៈមន្ត្រីសម្របសម្រូលរបស់ក្រុមហ៊ុនខ្លួនថា៖ ស្ថានីយ៍ ដែលកំពុងតែសាងសង់នេះស្ថិតនៅចំណុចភូមិសាស្ត្រខាងលើ ក្នុងគោលដៅចម្បងដើម្បីផ្គត់ផ្គងថាមពល ដល់ អគ្គិសនីកម្ពុជាខេត្តបាត់ដំបង ក្នុងការចែកចាយដល់ពលរដ្ឋ នៅក្នុងខេត្តរបស់ខ្លួន ដើម្បីឲ្យមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។
តាមរយៈ អ្នកសម្របសម្រួល បានឲ្យដឹងថា៖ បច្ចុប្បន្នស្ថានីយផលិតអគ្គិសនីកំពុងតែដំណើរការសាងសង់របស់ខ្លួនបានប្រមាណ២៣% ហើយដែលគ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំ២០២០ នេះ។ ខណៈនេះ ក្រុមហ៊ុន មានកម្មករ-បុគ្គលិក ដែលកំពុងបម្រើការងារ ប្រមាណជាង ១០០នាក់ទាំងអ្នកជំនាញមកពីប្រទេសចិននិងបុគ្គលិកខ្មែរ។ នៅពេលខាងមុខ ក្រុមហ៊ុនគ្រោងបន្ថែម បុគ្គលិក-កម្មករធ្វើការប្រមាណជាង១០០នាក់បន្ថែមទៀត នៅក្នុងអំឡុងខែសីហា ខាងមុខនេះ ដោយផ្ដល់អាទិភាពជូនដល់កូនចៅអ្នកភូមិរស់នៅជិតស្ថានីយផ្ទាល់តែម្តង។ ជាពិសេស អ្នកភូមិសូភី និងអ្នកភូមិជិតខាងក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ផ្ទាល់តែម្តង។
លោក លី ឡី បានសង្តធ្ងន់ថា៖ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នេះនឹងផ្ដល់នូវប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងខេត្តក៏ដូចជាការជួយអភិវឌ្ឍនូវវិស័យថាមពល និង បរិស្ថានក្នុងប្រទេសកម្ពុជា និងថែមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ របស់ពលរដ្ឋ ក្នុងភូមិសាស្ត្រនេះ បានមួយកម្រិតទៀតផងដែរ ។
ក្នុងឱកាសចុះទស្សនកិច្ចនិងពិនិត្យមើលស្ថានីយ៍ដើរដោយពន្លឺព្រះអាទិត្យ ដែលកំពុងតែសាងសង់នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ការសាងសង់នូវស្ថានីយនេះ គឺដើម្បីឆ្លើយតបសមស្រប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងខេត្ត។ឯកឧត្តមបានបន្តទៀ តថាដោយសារតែកំណើននៃតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ក្នុងខេត្ត កាន់តែកើនឡើងយ៉ាងគំហុក។ ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ទៀតថា៖កាលពីដើម តម្រូវការប្រើប្រាស់នូវថាមពលអគ្គីសនី ក្នុងខេត្តបាត់ដំបង គឺប្រើប្រាស់ភ្លើងត្រឹម១០មេហ្គាវ៉ាត់។ តែបច្ចុប្បន្ន បានកើនឡើងដល់ជាង ៦០ម៉េហ្គាវ៉ាត់ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ខណៈដែលខេត្តបាត់ដំបង មានថាមពលអគ្គិសនី បានកាន់តែច្រើននេះ រំពឹងថាៈ នឹងទាក់ទាញដល់អ្នកវិនិយោគលើវិស័យកសិ-ឧស្សាហកម្មផ្សេងៗ។ហើយស្ថានីយ៍នេះគឺ៖ជាការវិនិយោគធំៗចំនួន៣របស់ក្រុមហ៊ុនចិន នៅក្នុងទឹកដីខេត្តបាត់ដំបង។ ក្នុងចំណោមការបោះទុនវិនិយោគ ចំនួន២ផ្សេងទៀត ក្នុងនោះមាន រោងចក្រដំឡូងមី និងផលិតសម្បកថ្នាំពេទ្យ និង រោងចក្រផលិតស៊ីម៉ងត៍ខនស៊ីមេន ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនរ៉ាយសិន(Risen)ថែមទាំងបានជំរុញដល់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យនៅទីនេះផ្ទាល់គឺធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ និងថែមទាំងបានក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវមានកិច្ចសហការល្អជាមួយនិងក្រុមហ៊ុន ទាំងការពង្រឹងនូវសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននេះឲ្យបានល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមហ៊ុន គួរបន្តជួយអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះឲ្យបានប្រសើរថែមទៀត តាមរយៈ ការជួយផ្ដល់ការងារ ជូនដល់បងប្អូននៅទីនេះ បានធ្វើការងារ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )