ផ្ទះពលរដ្ឋ៣៣ខ្នងដួលរលំ និងរបើកដំបូលដោយភ្លៀងលាយខ្យល់កន្ត្រាក់ នៅស្រុកស្វាយជ្រំ
ស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នង ក្នុងឃុំចំនួន៣នៅស្រុកស្វាយជ្រំត្រូវដួលរលំរាបដល់ដី និងរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងតែមិនបង្ករឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅឃុំក្រោលគោឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំបានឲ្យដឹងថានៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លៀង និងខ្យលកន្ត្រាក់មួយកើតឡើងបណ្ដាលឲ្យឃុំចំនួន៣ នៅស្រុកស្វាយជ្រំដួលរលំផ្ទះ៤ខ្នង និងរបើកដំបូល២៩ខ្នងមានក្នុងនោះម្ចាស់ឈ្មោះ ពៅ ហឿន ភេទប្រុសអាយុ៥៧ឆ្នាំរស់ភូមិស្វាយអង្គ ឃុំស្វាយអង្គបណ្តាលឲ្យរលំទាំងស្រុងចំនួន១ខ្នង។
ចំណែកឃុំគោកព្រីងមាន របើកដំបូល១ខ្នង និងឃុំក្រោលគោ រលំទាំងស្រុង៣ខ្នង មានម្ចាស់ឈ្មោះ ខឹម សារី ភេទអាយុ៥៣ឆ្នំារស់ភូមិបឹងរ៉ៃខាងត្បូងឃុំក្រោលគោរផ្ទះមានទំហំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់សង្គ័សីបណ្តាលរលំទាំងស្រុង។ឈ្មោះមាន ឃាំង រៀម ភេទប្រុសអាយុ៤០ឆ្នាំរស់នៅ ភូមិព្រៃធ្នង់ ឃុំក្រោលគោ ផ្ទះទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្គ័សី បណា្តលឲ្យរលំទាំងស្រុង។ ឈ្មោះ ម៉ៅ ហ៉ច ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ផ្ទះទំហំ៤គុណ និង៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្គ័សី បណ្តាលឲ្យរលំទាំងស្រុង។
ប្រភពបន្តថាចំណែកផ្ទះ២៨ខ្នងទៀតនៅក្នុងឃុំក្រោលគោរស្រុកស្វាយជ្រំ របើកដំបូលប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសនោះទេ។ អាជ្ញាធរស្រុកស្វាយជ្រំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងខ្យល់ រន្ទះ ត្រូវរកទីទួលសុវត្ថិភាពកុំចេញទៅតាមវាល ហើយត្រូវបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ព្រោះវត្ថុអស់ទាំងនេះ ស្រូបចរន្តបណ្តាលឲ្យងាយគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕ធ.ដ