ត្រីជាច្រើនក្បាលនៅកស្សិណប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក
ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ។
ប្រជាពលរដ្ឋនិងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ខែមិថុនាមកម្លេះ ។ពួកគាត់ថា ពួកគាត់កើតមកខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ មិនដែលឃើញកស្សិណប្រាសាទគងនេះរីងទឹកនិងឃើញមានត្រីធំៗបែបនេះនោះទេ ដែលជាលើកដំបូងហើយដែលឃើញកស្សិណប្រាសាទបាគងរីង និងបានឃើញត្រីធំៗជាច្រើនបែបនេះ។ត្រីដែលបានងាប់និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រាពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួនបានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេងនិងមួយចំនួនទៀតបានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់អស់។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។
ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានបញ្ជាក់ថា អាជ្ញាធរអប្សរាតែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះជាកស្សិណ្ធុមួយដែលរងចាំទឹកភ្លៀងដូចជាស្រះសង់ដែរមិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកស្សិណប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់៕