រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករ ទទួលបាន

អត្ថបទដោយ៖
Kien Sereyvuth

ពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត     នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវទឹកចិត្តចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្គរដ្ឋបាលគយចិន រួមជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។ តាមរយៈភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ   ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។ តាមរយ:ពិធីសារនេះ ឯកឧត្តម ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួង សូមសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលសមជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន ដែលត្រូវការ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាន និងកំពុងពិភាក្សាអំពីនិតិវិធី និងលក្ខខ័ណ្ឌតម្រូវការ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម វេង សាខុន ជឿជាក់ថាតាមរយៈការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករ ទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹម និងជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។

សូមជំរាបថា  តាមរយ:ការចរចាលើឯកសារពិធីសារនេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។ ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនា  ម័យ(SPS)។ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងយូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” នាពេលនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner