ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រើនរំលឹកដល់មន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយតម្លៃដឹកជញ្ជូនឱ្យបានសមស្រប។ ឯកឧត្ដម បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេស ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើទំនើបកម្មលើការបម្រើសេវាសាធារណៈ។ ឯកឧត្តម បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរទាំងអស់ ត្រូវអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាចុងក្រោយឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញទៅអុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូនលោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ចៀសឱ្យផុតពីជំងឺកូវីដ១៩នេះផងដែរ៕ ពលៈ