កូវីដ១៩៖ ថៃបើកឆ្នេរនៅភូកេតឡើងវិញហើយ ថ្ងៃនេះ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ បណ្តាឆ្នេរសមុទ្រនានាត្រូវបានបើកដំណើរការឡើងវិញហើយ នៅក្នុងខេត្តជាកោះ ស្ថិតក្នុងភាគខាងត្បូងប្រទេសមួយនេះ នាថ្ងៃអង្គារ ទី៩ មិថុនា ២០២០ ហើយសណ្ឋាគារទំនងជានឹងបន្តសេវាកម្មវិញ ជាមួយនឹងការដាក់ចេញវិធានការគ្រប់គ្រងជំងឺរាតត្បាត នាខែក្រោយ នេះបើតាមអភិបាលខេត្តភូកេត។

អភិបាលខេត្ត Supoj Rodruang na Nongkhai បានបញ្ជាក់ពីការបើកដំណើរការឆ្នេរនេះ ប៉ុន្តែលោកស្នើដល់អ្នកគ្រប់គ្នារក្សាស្តង់ដាគ្រប់គ្រងជំងឺ រួមមានទាំងគម្លាតសង្គម ហើយត្រូវធានាថា ឆ្នេរ បង្គន់ និងទីកន្លែងផ្សេងៗទៀត មានអនាម័យស្អាត។

លោកបន្ថែមទៀតថា « អាជ្ញាធរខេត្តសូមអរគុណដល់ប្រជាពលរដ្ឋភូកេត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វិបត្តិនេះគឺជាវិបត្តិដ៏ធំ លំដាប់ទី២ បន្ទាប់ពីស៊ូណាមិ» ដោយលោកចង់សំដៅលើរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។ អភិបាលខេត្តរូបនេះបន្ថែមទៀតថា បណ្តាសណ្ឋាគារក្នុងខេត្តភូកេតបានកែប្រែរបៀបរបបថ្មី ក្នុងការប្រុងប្រៀបដំណើរការឡើងវិញ ប្រហែលខែក្រោយនេះ។

គួរបញ្ជាក់ថា ភូកេតមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ រយៈពេល១៦ថ្ងៃមកហើយ ខណៈដែលខេត្តមួយនេះមាន២២៧ករណី នៃអ្នកជំងឺសរុប ក្នុងនោះ មាន៣នាក់បានស្លាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner