ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងជម្ងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដោយរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ពិសេសការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងជម្ងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដោយរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ពិសេសការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងវិធានការទប់ស្កាត់ជម្ងឺកូវីដ១៩ និងការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងមូលដ្ឋានស្រុក និងលើកទិសដៅអនុវត្តការងារបន្ត នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកអូររាំងឪ។

លោកងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឡើងរាយការណ៍អំពីរបាយការណ៍ និងស្ថានភាពនៃជម្ងឺកូវីដ១៩រយៈពេល៥ខែកន្លងទៅ និងសកម្មភាពនៃការណែនាំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការការពារនិងវិធានការក្នុងការទប់ស្កាត់ ដើម្បីកាត់បន្ថយអត្រានៃការឆ្លង និងការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ពិសេសចុះស្រាវជ្រាវរកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទទួលរងដោយផលប៉ះពាល់នៃជម្ងឺកូវីដ១៩ និងដោះស្រាយជូនពួកគាត់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារចុះមូលដ្ឋានស្រុក ពិសេសថ្នាក់ដឹកនាំ  និងមន្រ្តីគ្រប់លំដាប់ក្នុងមូលដ្ឋានស្រុកអូររាំងឪទាំងអស់ ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋពីវិធានការ និងការបង្ការនៃជម្ងឺកូវីដ១៩ ដោយក្នុងមូលដ្ឋានស្រុកអូររាំងឪមិនមានសញ្ញាណអ្វីគួរឱ្យកត់សម្គាល់នោះទេ។

ឯកឧត្តមប្រធានក្រុមការងារក៏បានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនៃជម្ងឺកូវីដ១៩ ដែលកំពុងតែប្រឈមនៅទូទាំងបណ្តាប្រទេសលើសកលលោក ដោយការវាយប្រហារដោយជម្ងឺកូវីដ១៩ ដែលមានមនុស្សស្លាប់ជាច្រើនម៉ឺននាក់ និងជាច្រើននាក់ទៀតកំពុងតែទទួលការព្យបាល ហើយប្រទេសជឿនលឿនមួយចំនួនកំពុងតែមមាញឹកក្នុងការរកវ៉ាក់សាំងក្នុងការព្យាបាល ចំណែកសេដ្ឋកិច្ចនៅលើសកលលោកក៏បានរងផលប៉ះពាល់ផងដែរ ។

ឯកឧត្តម អ៊ាង សុផល្លែត បានណែនាំឱ្យក្រុមការងារទាំងអស់ និងគណៈអភិបាលស្រុក រួមគ្នាធ្វើយ៉ាងណាទប់ស្កាប់ឱ្យបាននូវការធ្លាក់ចុះនូវឱនភាព នៃជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ ទប់ស្កាត់កុំឱ្យឱនភាពកើតឡើង និងជំរុញកំណើនទាញយកសក្តានុពលដែលមាន ដើម្បីរំលេចចេញជីវភាពរស់នៅឱ្យកាន់តែមានភាពល្អប្រសើរ ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ សូមមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។

ក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងគណប្រតិភូបានអញ្ជើញទៅពិនិត្យស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំរិល ដែលកំពុងសាងសង់បានប្រមាណ៥០ភាពរយហើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner