អភិបាលខេត្តកំពត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត ត្រៀមទីតាំងឲ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើចត្តាឡីស័ក
កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានណែនាំ ឲ្យអង្គភាពនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវត្រៀម ទីតាំងឲ្យយបានគ្រប់គ្រាន់ សម្រាប់ធ្វើចត្តាឡីស័កពលករ ដែលត្រឡប់មកពីប្រទេសថៃ និងមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាល បើសិនមានករណីវិជ្ជមានជំងឺកូវីដ-១៩។
លោក ជាវ តាយ បញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំបន្ទាន់របស់ ក្រសួងសុខាភិបាល ស្ដីពីការការពារការចម្លងបន្តពីការផ្ទុះ នូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនិងបង្ការជំងឺកូវីដ-១៩។
អភិបាលខេត្តកំពត បានប្រគល់ម៉ាសចំនួន ១៧,៣០០ម៉ាស ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះ មួយក្រុង ស្រុក ទទួលបាន ១,០០០ម៉ាស និងមួយឃុំសង្កាត់ ទទួលបាន ១០០ម៉ាស៕



