វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បើកកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១
ដីឥដ្ឋ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៅសាលសិន្និសីទអគារA ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះវិទ្យាស្ថានជាច្រើនរូប។ ឯកឧត្តម ប្រធានអង្គប្រជុំ បានលើកឡើងអំពីរបៀបវារៈ ជូនដល់សមាជិក សមាជិកា ដើម្បីធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ដោយសង្ខេប ពីលោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថាន រួចមក ឯកឧត្តម ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោកនាយការិយាល័យរដ្ឋបាល-សរុប អានសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល និងអនុញ្ញាតឱ្យសមាជិក សមាជិកាទាំងអស់ ចូលរួមត្រួតពិនិត្យនិងមានមតិយោបល់បន្ថែម។
បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលលើខ្លឹមសារសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២១ រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង។ ជាចុងក្រោយ ឯកឧត្តម បានថ្លែងការកោតសរសើរនិងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពឆ្នាំ២០២១ ឱ្យសម្រេចបានតាមការគ្រោងទុក។ ជាមួយគ្នានោះ ឯកឧត្តម បានធ្វើការណែនាំការងារមួយចំនួនដូចខាងក្រោម៖
១- វិទ្យាស្ថាន ត្រូវយកផែនការសកម្មភាពឆ្នាំ២០២១ ទៅសម្រួលឱ្យបានត្រឹមត្រូវ និងរៀបចំជូនឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា ចុះហត្ថលេខា។
២- វិទ្យាស្ថាន ត្រូវយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២១
៣- វិទ្យាស្ថាន ត្រូវយកចិត្តទុកដាក់លើការអនុវត្តភារកិច្ចរបស់មន្ត្រី
៤- វិទ្យាស្ថាន ត្រូវត្រៀមបន្តគ្រប់គ្រងវគ្គសិក្សាឡើងវិញនៅខែមករា ឆ្នាំ២០២១ ខាងមុខ
៥- វិទ្យាស្ថាន ត្រូវអនុវត្តភារកិច្ចទៅតាមផែនការគ្រប់គ្រងវគ្គសិក្សាប្រចាំឆមាសនីមួយៗ ឱ្យបានច្បាស់លាស់
៦- វិទ្យាស្ថាន ត្រូវប្រជុំត្រួតពិនិត្យនិងបូកសរុបលទ្ធផលវគ្គសិក្សាប្រចាំឆមាសនីមួយៗ ឱ្យបានច្បាស់លាស់តាមផែនការកំណត់
៧- វិទ្យាស្ថាន ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ នាពេលខាងមុខ
៨- នាយករង ត្រូវជួយពិនិត្យលើឯកសារនានាឱ្យបានច្បាស់លាស់ មុនបញ្ជូនទៅថ្នាក់ដឹកនាំ
៩- ថ្នាក់ដឹកនាំនិងនាយការិយាល័យទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវេនថែរក្សាអនាម័យឱ្យបានច្បាស់លាស់
១០- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និង
១១- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវី១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ រ៉ាវុធ





