អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការអនុស្ថានីយ អគ្គិសនីមុខកំពូល

អត្ថបទដោយ៖
ហេង វណ្ណា

កណ្តាល៖ អគ្គិសនីកម្ពុជា ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីមុខកំពូល តង់ស្យុង២៣០/១១៥/២២ គីឡូវ៉ុល ដែលមានទីតាំងស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងថា អនុស្ថានីយអគ្គិសនីថ្មី នឹងផ្គត់ផ្គង់ផ្ទាល់ឲ្យមួយផ្នែកនៃរាជធានីភ្នំពេញ ( ខណ្ឌជ្រោយចង្វារ ) ខេត្តកណ្តាល ( ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ ) និងខេត្តកំពង់ចាម ( ស្រុកបាធាយ ស្រុកកងមាស ) ដែលតំបន់ទាំងនេះ យកអគ្គិសនីពីរាជធានីភ្នំពេញ ដែលការផ្គត់ផ្គង់មានការរអាក់រអួលខ្លះ ដោយសារចម្ងាយឆ្ងាយពីប្រភព។

អនុស្ថានីយអគ្គិសនី នឹងបង្កើនលទ្ធភាពផ្គត់ផ្គង់ មកប្រព័ន្ធផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ តាមរយៈខ្សែបញ្ជូនតង់ស្យុង ១១៥ គីឡូវ៉ុល ដែលនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២១ខាងមុខនេះ ជាមួយកម្លាំងប្រមាណ ១៥០ មេហ្កាវ៉ាត់បន្ថែម។ មិនត្រឹមតែផ្តល់ឲ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភព ខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ ផ្នែកមួយនៃគម្រោងបណ្តាញ ជាកងជុំវិញរាជធានីភ្នំពេញ ដែលតភ្ជាប់ពីស្រុកឧដុង្គ មកស្រុកមុខកំពូល និងបន្តទៅភ្ជាប់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងតាខ្មៅ រួមនឹងរោងចក្រផលិតអគ្គិសនីដើរដោយប្រេង/ឧស្ម័ន ៤០០ មេហ្កាវ៉ាត់ ដែលវិនិយោគដោយរាជរដ្ឋាភិបាល។

លោក កែវ រតនៈ បញ្ជាក់ថា «អនុស្ថានីយអគ្គិសនីមុខកំពូល ជាសមិទ្ធផលផ្លែផ្កា ដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា»

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner