សម្តេចតេជោ ហ៊ុន សែន បញ្ចេញកញ្ចប់ឃីត៦ពាន់ ដល់ខេត្ត៣តាមព្រំដែន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា ខេត្តទាំង៣ ដែលទទួលបាន កញ្ចប់ឃីតទាំង ៦ពាន់ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ខេត្តទាំង៣ ទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០។

អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា៖ «ក្នុងកញ្ចប់ឃីត រួមមាន មុង ខ្នើយ និងកន្ទេល។ ក្នុងមួយខេត្តទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ហើយកញ្ចប់ឃីត ត្រូវបានដឹកជញ្ជូនភ្លាមៗទាំងយប់ទៅកាន់គោលដៅរួចរាល់ហើយ។

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

សម្តេចតេជោ បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្ត ដើម្បីឲ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមាន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner