ចាន់ រតនា ត្រូវបានសង្វៀនកម្រិតពិភពលោក One Championship ផ្តល់ឱកាសឲ្យត្រៀម ឡើងសង្វៀនម្តងទៀត


កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវបានសង្វៀនកម្រិតពិភពលោក One Championship ផ្តល់ឱកាសឲ្យឡើងសង្វៀន នៅពេលខាងមុខ ពីព្រោះជំនួប ចាន់ រតនា និងកីឡាករចិន XIE WEI ក្លាយជាគូជក់ចិត្ត ដែលមានអ្នកគាំទ្រទស្សនាច្រើនជាងគេ នៅផេកផ្លូវការរបស់ One Championship កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅសង្វៀន INDOOR STADIUM ក្នុងកម្មវិធីប្រដាល់ COLLISION COURSE នាប្រទេសសិង្ហបុរី ។

នេះបើតាមការអោយដឹងពី One Championship តាមរយៈយូធូប ផ្លូវការរបស់ One កាលពីថ្ងៃម្សិលមិញ បន្ទាប់ពី កីឡាករ ចាន់ រតនា ចូល Comment សុំទោស ជាមួយ Sticker ទង់ជាតិខ្មែរ ហើយត្រូវបានស្ថាប័ន One Championship តបថា អ្នកនិងត្រូវត្រលប់មកវិញ ជាក់ជាមិនខាននាពេលឆាប់ៗខាងមុខនេះ (You Will Be Back For One Championship) ។ ទោះជាយ៉ាងដំណឹងនេះមិនទាន់ផ្លូវការនៅឡើយទេ វាគ្រាន់តែពាក្យឆ្លើយតប នៅក្នុងយូធូបផ្លូវការរបស់ One Championship ប៉ុណ្ណោះ ហើយក៏មិនដឹងថាត្រូវប្រកួតជាមួយកីឡាករចិនដដែល ឬកីឡាកររូបណា និងប្រកួតនៅពេលណានោះឡើយទេ ។

គួររំលឹកថា អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករចិន XIE WEIនៅទឹកទី៣ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នាសង្វៀន INDOOR STADIUM ក្នុងកម្មវិធីប្រដាល់ COLLISION COURSE នៅប្រទេសសិង្ហបុរី ។

សូមបញ្ជាក់ថា កីឡាករ ចាន់ រតនា បានបង្ហាញវត្តមាន១១លើក នៅសង្វៀនលំដាប់ ពិភពលោក ONE CHAMPION SHIP ដោយឈ្នះ៧ ចាញ់៤ ប្រកួតចុងក្រោយចាញ់កីឡាករចិន ៕
