រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវឲ្យប្រជា ពលរដ្ឋមកធ្វើផ្អក និងប្រហុក ឲ្យបានច្រើន នៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុង ខែមករាខាងមុខនេះ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នំា២០២០ បានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូន ប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រី ធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល។
ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើក ម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទុះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូង តម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រៀលក្នុង១គីឡូ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជាង ១ ០០០-១ ៥០០គីឡូ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រៀល ក្នុង១គីឡូ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ជូនថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាប ហើយបានអូសបន្លាយជាងមួយខែ ។ បើយោងតាមសេចក្តីរាយការណ៍របស់មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួន១ម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។ តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២ម៉ឺន៦ពាន់៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦ម៉ឺន៨ពាន់តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០ម៉ឺន៧ពាន់៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០ម៉ឺន ៤០០តោន។ តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើន នៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ ៕ ដោយ៖ សេឌី






