បោះតង់លើភ្នំ ឬក្នុងព្រៃ គួរត្រៀមសម្ភារៈទាំងនេះទុកជាមុន

អត្ថបទដោយ៖
AMS

ដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់ព្រៃភ្នំ នឹងក្លាយជាសកម្មភាពដ៏សប្បាយរីករាយ និងស្រស់ស្រាយ
មួយ​ ដរាបណាអ្នកបានត្រៀមខ្លួនរួចជាស្រេចចំពោះអ្វីដែលអ្នកនឹងធ្វើនៅទីនោះ ក៏ដូចជានៅតាមផ្លូវទៅកាន់
គោលដៅរបស់អ្នក។ ខាងក្រោមនេះ ជាបញ្ជីនៃសម្ភារៈចាំបាច់មួយចំនួនដែលអ្នកគួរតែមានតាមខ្លួនសម្រាប់
ការបោះតង់នៅតំបន់ណាមួយ…

សម្លៀកបំពាក់រលុងៗ ស្រាលៗ និងឆាប់ស្ងួត ៖ បើពាក់ក្រាស់ៗ ហើយតឹងពេកនោះ នឹងធ្វើឲ្យអ្នកពិបាកក្នុង
ការធ្វើសកម្មភាព ក៏ដូចជាធ្វើដំណើរឡើងចុះតាមស្ថានភាពនៃទីតំបន់ ហើយបើបែកញើស ឬត្រូវភ្លៀង ក៏មិន
ងាយនឹងស្ងួតទៀត។

ស្បែកជើងធន់ និងមាំល្អ ៖ សំខាន់ខ្លាំងមែនទែន! ស្បែកជើងដែលមានគុណភាពល្អ នឹងជួយសម្រួលបានច្រើន
ដល់ចលនា និងការធ្វើដំណើរទៅកាន់គោលដៅប្រកបដោយសុវត្ថិភាព។

អាវភ្លៀង ៖ ជាពិសេសនៅរដូវភ្លៀង ការពារប្រសើរជាងព្យាបាល…បើអាចគ្របដណ្តប់រាងកាយពីដំណក់ទឹក
ភ្លៀងបាន អ្នកក៏មិនងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដែរ។

កាតាប ឬកាបូបស្ពាយមិនជ្រាបទឹក ៖ យកល្អ កុំយកកាតាប ឬកាបូបដែលធំពេកអី ព្រោះវានឹងធ្ងន់ ហើយធំ
រយីងរយោង ដែលជាសម្ពាធមួយដល់អ្នក ហើយគួររើសយកប្រភេទដែលមិនជ្រាបទឹក ដើម្បីធានានូវសុវត្ថិភាព
របស់ឥវ៉ាន់ក្នុងនោះ។

ដបទឹកផ្ទាល់ខ្លួន ៖ មិនចាំបាច់យួរទឹកច្រើនពេកតាមខ្លួនទេ ភាគច្រើនអាចរកបាននៅតាមគោលដៅផ្សេងៗ ឬក៏
យ៉ាងច្រើនណាស់ ញ៉ាំទឹកធម្មជាតិដែលមានសុវត្ថិភាព។

សម្ភារៈសង្គ្រោះបឋម ៖ គ្រោះថ្នាក់អាចកើតមានគ្រប់ពេល ដែលយើងមិនអាចស្មានទុកមុនបាន។ វាជារឿងល្អ បើអ្នកបានត្រៀមសម្ភារៈដូចជា បង់បិទ ឬរុំរបួស ថ្នាំសម្លាប់មេរោគ ប្រេងកូឡា ជាដើម។

ថ្នាំសង្កូវដែលចាំបាច់ ៖ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំរាគ ថ្នាំក្រពះ ប្រេងខ្យល់ សុទ្ធតែត្រូវការចាំបាច់សម្រាប់បញ្ហា
សុខភាពដែលងាយកើតមាន ហើយអាចដោះស្រាយដោយការប្រើប្រាស់ថ្នាំត្រឹមត្រូវ។

សម្ភារៈចាំបាច់តូចៗ ៖ របស់មួយចំនួនដូចជា ពិល ដែកកេះ អង្រឹង កន្ត្រៃ ។ល។ យើងមើលមិនឃើញថាត្រូវ
ការឬអត់ទេ តែបើមាន ក៏ល្អសម្រាប់សកម្មភាពផ្សេងៗ។

គ្រឿងរក្សាអនាម័យដែលប្រើជាប្រចាំ ៖ អនាម័យខ្លួនពិតជាសំខាន់ តែក៏មិនមែនមានន័យថា ត្រូវប្រមូលអស់
ពីបន្ទប់ទឹកពីផ្ទះមកនោះទេ គ្រាន់តែយកអ្វីដែលចាំបាច់បានហើយ ដូចជា ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ​ សាប៊ូ
លាងមុខ។ល។

កន្សែងស្អាត ៖ ពេលខ្លះ ត្រូវការសម្រាប់ជូតញើស ហើយពេលខ្លះទៀត​ មិនបានងូតទឹក ក៏អាចប្រើជ្រលក់ទឹក
ស្អាតជូតសម្អាតអនាម័យតាមរូបភាពដែលអាចធ្វើបានដែរ។

ថ្នាំបណ្តេញសត្វល្អិត ៖ សត្វល្អិតតែងតែមាននៅតំបន់ព្រៃភ្នំ ដូចនេះហើយ អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន ដោយលាប ឬបាញ់ថ្នាំដែលមានប្រសិទ្ធភាព ដើម្បីចៀសវាងការខាំ ឬទិច។​

សម្ភារៈចម្អិនដែលចាំបាច់ ៖ ដំណើរកម្សាន្តខ្លះ​មានម្ហូបស្រាប់ៗ តែខ្លះក៏ត្រូវដោះស្រាយដោយខ្លួនឯង ហេតុនេះ
ហើយ កុំភ្លេចយកអ្វីដែលត្រូវការទៅផង ដូចជា កំសៀវ ឆ្នាំង ខ្ទះ ។ល។ តែយកតែខ្នាតតូចៗល្មមប្រើទៅបាន
ហើយ។

Power Bank ៖ ជាពិសេសតំបន់ដាច់ស្រយាលដែលមិនមានអគ្គិសនីគ្រប់គ្រាន់ អ្នកប្រហែលជាត្រូវការថ្ម
ទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងការទាក់ទង ឬធ្វើកិច្ចការផ្សេងៗ។

បើសិនជាអ្នកធ្លាប់ទៅបោះតង់នៅកន្លែងណាមួយ តើអាចប្រាប់បានទេថា អ្នកបានយកអ្វីទៅខ្លះដែរ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner