មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានសហការរួមគ្នា ចុះឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដែលបាន និងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ប្រតិបត្តិការណ៍បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងនោះ បានធ្វើឡើងដោយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោយទទួលបានបញ្ជា ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីវេលាម៉ោងជាង ១ រំលងអាធ្រាត្រ ថ្ងៃទី៤មិថុនា ឈានចូលថ្ងៃទី៥មិថុនាឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុច ផ្លូវបំបែកចូលប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មន្ត្រីព្រៃឈើស្ទោង បាននិយាយថា ការចុះបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងនេះ ក៏ដោយសាររថយន្តនោះ បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។ លោកថា ម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ ឈ្មោះ ហឿន បានដឹកឈើចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ រួចបន្តចូលមកក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានដាក់ស្នាក់ការនៅតាមដងផ្លូវ ប៉ុន្តែ រថយន្តនេះត្រូវបានបង្ក្រាប ដោយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោយទទួលបានបញ្ជាពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ នោះរួចមក។

មន្ត្រីដដែលបានបញ្ជាក់ថា រថយន្តដែលរងការបង្ក្រាបនៅក្នុងពេលនោះ ជាប្រភេទរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក្យស្លាកលេខ ភ្នំពេញ 2AE-6050 បានដឹកឈើប្រភេទលេខ១ ហើយម្ចាស់រថយន្តនេះ ឈ្មោះ ហឿន រស់នៅស្រុកឆែប ខេត្តព្រះវិហារ។ រហូតមកទល់ពេលនេះ នៅមិនទាន់ដឹងពីចំនួនឈើ នៅក្នុងរថយន្តនោះ នៅឡើយទេ ព្រោះត្បិតមិនទាន់បានធ្វើការវាស់វែង ហើយរថយន្តដឹកឈើមួយគ្រឿងនោះ ត្រូវបាននាំយកមរក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដោយរង់ចាំកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner