ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បញ្ជាក់ថា នឹងនៅតែជាដៃគូអភិវឌ្ឍន៍យូអង្វែងជាមួយកម្ពុជា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩
វិស័យកសិកម្មកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ ហើយជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងឈានជាជំហានៗ មកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។
ជាក់ស្តែង ផលិតកម្មស្បៀងដែលបាននិងកំពុងធ្វើការនាំចេញយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្នគឺស្រូវ អង្ករ ដំឡូងមីស្រស់ និងក្រៀម គាប់ស្វាយចន្ទីស្រស់ និងផលិតផលសម្រេច ស្វាយស្រស់ និងផលិតផលសម្រេច ចេកអំបូងលឿង មានប៉ៃលិន បន្លែ ផលត្រីទឹកសាប និងសមុទ្រ គោ និងក្របី។ល។
ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍរីកចម្រើននៃវិស័យកសិកម្ម នាព្រឹកថ្ងៃ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមអភិបាល បានធ្វើការសំណេះសំណាលជាមួយកសិករ ដោយបានធ្វើចំណាប់អារម្មណ៍ ទាក់ទងនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ដោយបានរំលេចនូវចំណុចសំខាន់ៗទាក់ទងការអភិវឌ្ឍ វិស័យកសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស និងសត្វបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ដោយឡែក ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្មតាមរយៈគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្រ្តាលីក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចកម្ពុជាបាននឹងកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។
ឯកអគ្គរដ្ឋទូតបានផ្តល់ក្តីសង្ឃឹមថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូអភិវឌ្ឍយូអង្វែងជាមួយកម្ពុជាក្នុងកាលៈទេសៈកូវីដ-១៩ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩។
ឯកឧត្តមវេង សាខុន ថ្លែងថា សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម គឺមានរយៈពេលជាង២៥ឆ្នាំហើយ។ ដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មគ្រប់កម្រិតជំនាញ។ លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវតាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជា អូស្ត្រាលី និងបង្កើតឱ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេចបាននូវគុណភាពអង្ករដែលពិភពលោកទទួលស្គាល់។
ដោយឡែកតាមរយៈកម្មវិធី CAVAC តំណាក់កាលទី១ និងដំណាក់កាលទី២ គឺផ្តោតលើការជំរុញផលិតភាព និងគុណភាពផលិតកម្មដំណាំដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ការពង្រឹងប្រព័ន្ធទីផ្សារ ការបង្កើនផលិតភាពសម្រាប់ការប្រកួតប្រជែង ការបង្កើនប្រាក់ចំណូលរយៈពេលវែងរបស់កសិករខ្នាតតូច និងពាណិជ្ជករផ្នែកស្រូវអង្ករនិងដំណាំផ្សេងៗ។
តមកក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំ ស្រុកជើងព្រៃ។ តាមការរាយការណ៍របស់បងស្រីម្ចាស់ចំការបានឲ្យដឹងថាបងស្រី និងគ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំឱឡឹក និងត្រសក់ស្រូវ ជាច្រើនឆ្នាំមកហើយលើដីជាកម្មសិទ្ធិ និងដីជួល ។ បច្ចុប្បន្ន ទីផ្សារឱឡឹកមានតម្លៃល្អ អាចប្រមូលបានចំណូលជាង ២លានរៀលក្នុង ១ហត ក្នុង១រដូវ។
បន្ទាប់ពីបានឃើញផលឱឡឹក និងត្រសក់ស្រូវ ដែលកំពុងប្រមូលផល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល ៕