មន្រ្តីជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា ជម្ងឺគ្រុនផ្តាសាយធំ និងវីរុសកុរ៉ូណាថ្មីអាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលក្នុងសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលបង្កជាជម្ងឺ COVID-19 បូករួមជាមួយជម្ងឺគ្រុនផ្តាសាយធំនារដូវស្លឹកឈើជ្រុះនេះ អាចនឹងដាក់បន្ទុកយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពក្នុងសហរដ្ឋអាម៉េរិក នេះបើតាមការព្រមានរបស់មន្រ្តីសុខាភិបាលកំពូលអាម៉េរិកមួយរូប និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។

អគ្គនាយកមជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជម្ងឺសហរដ្ឋអាម៉េរិក CDC បាននិយាយថា មានការព្រួយបារម្ភថា រលកទីពីរនៃការចម្លងវីរុសនេះ អាចនឹងសាយភាយចូលក្នុងរដូវផ្តាសាយនារដូវស្លឹកឈើជ្រុះ ដែលនឹងធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងពីសម្ពាធ ដែលអាចកើតមានលើប្រព័ន្ធសុខាភិបាលជាតិ ។

លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ការត្រៀមខ្លួនរបស់ CDC គឺបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតថ្នាំ ដើម្បីបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងផ្តាសាយធំ ក៏ដូចជាអ្នកផ្តល់សេវាថែទាំងសុខភាព ដើម្បីបង្កើតផែនការយថាភាព ក្នុងបំណងឱ្យមនុស្សអាចទទួលបានវ៉ាក់សាំងនៅក្នុងបរិស្ថានមានសុវត្ថិភាព ។ ក្រុមហ៊ុនធំៗដែលផលិតវ៉ាក់សាំងផ្តាសាយធំទាំងនោះ មានដូចជា GlaxoSmithKline មានមូលដ្ឋានៅចក្រភពអង់គ្លេស ក្រុមហ៊ុន Sanofi របស់ប្រទេសបារាំង និងក្រុមហ៊ុន CSL របស់ប្រទេសអូស្រ្តាលី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner