អង់គ្លេសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ក្នុងនោះមាន៥០ប្រទេសចូលរួមតាមរយៈអនឡាញ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃព្រហស្បតិ៍នេះបានបើកកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោក ដែលជាកិច្ចប្រជុំតាមអនឡាញជាមួយប្រទេសចំនួន៥០ ដើម្បីរៃអង្គាសថវិកាសម្រាប់គម្រោង ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយឈ្មោះ GAVI ដើម្បីធានាថា វ៉ាក់សាំងត្រូវបានគេចែកចែកដល់មនុស្សគ្រប់គ្នា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
ថ្លែងពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក បូរីស ចនសុន បានសន្យាថា អង់ គ្លេសនឹងចូលរួមចំណែក២ពាន់លានដុល្លារដល់គម្រោងវ៉ាក់សាំង GAVI នេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ ទន្ទឹមគ្នា អគ្គលេខាធិការអង្គារសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅក្នុងវីដេអូថតទុកមួយ បានអំពាវនាវឲ្យមានសាមគ្គីភាពសកល ដើម្បីធានាថា មនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំង COVID-19 ។
សូមជម្រាបថា កិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកខាងលើនេះសង្ឃឹមថា នឹងរៃអង្គាសប្រាក់ឲ្យបាន៧ពាន់៥រយលានដុល្លារ សម្រាប់គម្រោងសម្ព័ន្ធភាពសុខភាពរវាងវិស័យសាធារណៈ និងវិស័យឯកជនមួយនេះ ដើម្បីជួយដល់ការផលិតនិងចែកចាយដោយសមធម៌ទូទាំងពិភពលោក នូវវ៉ាក់សាំងCOVID-19 និងវ៉ាក់សាំងដទៃទៀត ៕