សហព័ន្ធកីឡាវាយកូនបាល់ គ្រោងកោះកៅហៅកីឡាករខ្មែរកូនកាត់៣រូប មកលេងតំណាងឲ្យកម្ពុជា

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហើបប្រាប់ អ្នក យកព័ត៌មានទូរទស្សន៍អប្សរាថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គ្រោងនឹងហៅកីឡាករវាយកូន បាល់កូនខ្មែរកាត់អាមេរិក២រូប និងកូនខ្មែរកាត់បារាំង១រូប មកប្រទេសកម្ពុជា នាឆ្នាំ២០២១ខាងមុខនេះ ដើម្បីលេងតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាម និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកអគ្គលេខាធិការ បានពន្យល់ថា សហព័ន្ធបានសម្រេចចិត្តនាំយកកីឡាករ៣រូបនេះ មកជួយ លេងតំណាងឲ្យកម្ពុជា មិនមានន័យថា យើងមិនត្រៀមកីឡាករក្នុងស្រុកនោះទេ ពោលកីឡាករ ក្នុងស្រុកគឺជាស្នូលដ៍សំខាន់មួយ ប៉ុន្តែដើម្បីត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ និងជាជម្រើសល្អសម្រាប់កម្ពុជា ក្នុងការប្រជែងដណ្តើមមេដាយ ពីការប្រកួតកម្រិត ។ លោក អះអាងទៀតថា កីឡាករកូនកាត់ខ្មែរ៣រូប ដែលសហព័ន្ធគ្រោងនាំយកមកមកលេងតំណាង ក្នុងឆ្នាំ២០២១ខាងមុខនេះ ២រូបជាកីឡាករកូនភ្លោះមានឈ្មោះ Brian Pham Brindon Pham រស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក រីឯមួយរូបទៀត គឺជាកូនកាត់ខ្មែរបារាំង ឈ្មោះ Lucas ជាកីឡាករយុវជនលំដាប់លេខ៧ របស់បារាំងមានអាយុ១៦ឆ្នាំ ។ លោក បានបញ្ជាក់ទៀតថា កីឡាករ៣រូបនេះ មិនមែនចង់លេងឲ្យប្រទេសកម្ពុជា ត្រៀម តែឆ្នាំ២០២១ និងឆ្នាំ២០២៣ប៉ុណ្ណោះទេ គឺត្រូវលេងឲ្យតំណាងកម្ពុជា ពីព្រោះពួកគេមានឈាមជ័រជាកូនខ្មែរ ។


សូមបញ្ជាក់ថា បើតាមការគម្រោងទុក កីឡាករវាយកូនបាល់កូនកាត់ខ្មែរ៣រូបនេះ នឹងមកដល់កម្ពុជា ក្នុងឆ្នាំ២០២១ ដើម្បីលេងតំណាងឲ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ប៉ុន្តែប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅក្រៅប្រទេសមិនទាន់អត់ថយនោះ ពួកគេទាំង៣រូបអាចពន្យាពេល រហូតដល់ ឆ្នាំ២០២២ ហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ Davis Cup ៕
