កីឡាការិនីបាល់ទាត់ស្រស់ស្អាត តាំង មករា សម្រួចការហ្វឹកហាត់អភិវឌ្ឍខ្លួន ចង់ក្លាយជាជម្រើសជាតិបាល់ទាត់នារី

កីឡាការិនីស្រស់ស្អាត តាំង មករា បច្ចុប្បន្នកំពុងតែប្រកបអាជីព​ជាកីឡាការិនី​បាល់ទាត់​លេង​ឲ្យ​ក្លិបល្បីឈ្មោះភ្នំពេញក្រោន បានបង្ហាញការតាំងចិត្តខ្ពស់ថា នឹងខិតខំសម្រួចការ​ហ្វឹកហាត់​ ដើម្បី​អភិវឌ្ឍ​​សមត្ថភាពឈោងចាប់យកកៅអីជាកីឡាការិនី​ជម្រើសជាតិបាល់ទាត់​ លេង​​​តំណាងឲ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

          កីឡាការិនីរូបស្រស់ មានប្រភពចេញពីយុវជនថ្នាលខេត្តបាត់ដំបង តាំង មករា បង្ហើប​ទៀតថា ជំហានដំបូងក្នុងអាជីពបាល់ទាត់ គឺចង់ក្លាយ​ជាជម្រើសជាតិបាល់ទាត់នារី លេងតំណាងឲ្យកម្ពុជា នឹងក្តីស្រម៉ៃបន្ទាប់ទៀត គឺចង់ទៅ​ប្រកបអាជីពឲ្យក្លិបបាល់ទាត់ប្រទេសជិតខាង ដើម្បី​បង្ហាញអន្តរជាតិ​ថា បាល់ទាត់នារីកម្ពុជា ក៍មាន​សក្តានុពល​ដែរ ។ ទន្ទឹមជាមួយគ្នានេះ តាំង មករា បានអំពាវនាវឲ្យ​យុវតី​​កម្ពុជា បង្ហាញភាពក្លាហានលេង​កីឡាដើម្បីសុខភាព និងបំផុសឲ្យនារីៗលេងបាល់ទាត់​អោយកាន់​តែ​មាន​សកម្មភាព​​ផុសផុលដូចបាល់ទាត់បុរស ។ ក្នុងនាម​ជាកីឡាការិនីបាល់ទាត់មួយ​រូប ​​​​​ធ្លាប់​​​​ជម្នះ​​​ការ​រារាំង​​​​​ពីសំណាក់ក្រុមគ្រួសារ ចូលប្រឡុកក្នុងជាអាជីពបាល់ទាត់នារី មករា ក៏បានសំណូមពរដល់​អាណា​​ព្យាបាល​សូមអោយកូនៗលេងបាល់ទាត់ និងលើកទឹកចិត្តដើម្បីសម្រេចក្តីស្រម៉ៃ ​របស់កូនៗគ្រប់រូប ។

     

           គួររំលឹកថា កីឡាការិនីបាល់ទាត់ តាំង មករា មុនឈានជើងចូលក្នុងក្លិបបាល់ទាត់ល្បីឈ្មោះ​ភ្នំពេញក្រោន គឺជាយុវជនថ្នាលលេងឲ្យក្លិបអង្គការមួយ នៅខេត្តបាត់ដំបង តួនាទី​ជាខ្សែបំរើ និងការពារ​ល្អ ត្រូវក្លឹបភ្នំពេញក្រោន សម្រេចជ្រើសរើស​ចូលក្លិប ក្នុងឆ្នាំ២០១៩ និ​ង​ឆ្នាំ​២០២០ លេង​​ពាន​រង្វាន់បាល់ទាត់លីគនារី ដែលរៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជាជាលើកដំបូង  ។

           សូមបញ្ជាក់ថា កីឡាការិនីបាល់ទាត់នារី តាំង មករា នាងជាកូនអ្នកបាត់ដំបង មាន​បងប្អូន​ចំនួន​៤នាក់ នាងគឺជាកូនពៅក្នុងគ្រួសារ ហើយបានចូលប្រឡូកជាកីឡាការិនីបាល់ទាត់ តាំងពីអាយុ​១២ឆ្នាំ​មក​ម្ល៉េះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner