អាជ្ញាធរខេត្តព្រះវិហារ បានជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនានា ត្រូវរួមគ្នាអនុវត្តន៍បទបញ្ជារាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការចូលកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ ដោយខុសច្បាប់ ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិ ឲ្យស្ថិតនៅគង់វង្ស
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត លោក ប្រាក់ សុវណ្ណ បានជំរុញដល់មន្ត្រីមូលដ្ឋានទាំងនោះ ដោយធ្វើឡើងកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០ គ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចាប់ឆ្នោត ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីកសិកម្ម ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរខេត្ត នៅក្នុងជំហ៊ានទី២ ស្ថិតនៅក្នុងភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានមកចូលរួមចាប់ឆ្នោត ទទួលយកដីកសិកម្មពី រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត នៅក្នុងពេលនេះ មានចំនួន ២០៩គ្រួសារ ដែលជាការចាប់ឆ្នោតនៅក្នុងជំហ៊ានទី២។ លោកបានបន្តថា ផ្ទៃដីកសិកម្មក្នុងទំហំ២ហិចតា ដែលបានប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺផ្តើមចេញពី អនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី៦មករាឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លើផ្ទៃដីក្នុងទំហំ ៥ពាន់ហិកតា នៃប្រជាពលរដ្ឋ សរុប ១ពាន់ ៤៥គ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋទាំង ១ពាន់ ៤៥គ្រួសារនោះ បានទទួលដីលំនៅដ្ឋាន ពីអភិបាលខេត្តនៅក្នុងអាណត្តិមុនៗរួចហើយ និងនៅក្នុងអាណត្តិដឹកនាំ និងគ្រប់គ្រងរបស់លោកនេះ លោកបានបន្តអនុវត្តន៍តាមបទបញ្ជារាជរដ្ឋាភិបាល ដោយធ្វើការបែងចែកដីកសិកម្ម ក្នុងទំហំ២ហិចតា ក្នុង១គ្រួសារ បន្ថែមទៀត ដើម្បីពួកគាត់មានដីបង្កបង្កើនផលដោយស្របច្បាប់។ ហើយចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានសុវត្ថិភាព នៅក្នុងការកាន់កាប់ដីធ្លី។ រីឯបាតុភាពរំលោភបំពានដីធ្លី ដែលធ្លាប់ជួបប្រទះនៅពេលកន្លងទៅ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ តាមរយៈការខិតខំប្រឹងប្រែង រួមគ្នាដោះស្រាយ ពីអាជ្ញាធរ និងមន្ត្រីជំនាញ។
លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានដីកសិកម្ម ២ហិចតានេះទៅ សូមកុំយកដីនោះទៅលក់ដូរ ជួល ឬបញ្ជាំអោយសោះ បើទោះបីដីនេះបានក្លាយជាកម្មសិទ្ធិ នៅ៥ឆ្នាំក្រោយក៏ដោយក្តី។ ប៉ុន្តែ ត្រូវប្រើប្រាស់ដីនេះ ក្នុងការប្រកបរបរកសិកម្ម ដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីទ្រង់ទ្រង់ជីវភាព អោយកាន់តែប្រសើរឡើង ទៅតាមទស្សនវិស័យ ដែលរាជរដ្ឋាភិបាល ចង់បាន។ លោកអភិបាលខេត្ត បានជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសមត្ថកិច្ច ដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ពិសេស ត្រូវគោរព និងអនុវត្តន៍តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងត្រូវមានមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ទប់ស្កាត់ ការចូលកាន់កាប់ រុករានទន្ទ្រានដីរដ្ឋ ការចូលបោះបង្គោលលើដីរដ្ឋ ពីក្រុមជនខិលខូច អោយបានជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិ របស់ប្រទេសជាតិ អោយមានចីរភាពគ្រប់ៗជំនាន់ តទៅថ្ងៃអនាគត។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា ការរៀបចំចាប់ឆ្នោត ដើម្បីប្រគល់ដីឡូតិ៍កសិកម្ម នៅក្នុងជំហ៊ានទី២នេះ គឺត្រូវប្រគល់ទៅអោយប្រជាពលរដ្ឋ ចំនួន២០៩គ្រួសារ លើទំហំផ្ទៃដី៤១៨ហិកតា ដោយក្នុង១គ្រួសារ ទទួលបានដី២ហិចតា បន្ថែមពីលើដីលំនៅដ្ឋាន នៃ « ទំហំទទឹង ៥០ម៉ែត្រ និងបណ្តាយ ១០០ម៉ែត្រ »។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានដីនៅក្នុងថ្ងៃនេះ នឹងទទួលបាននៅពេលបន្ទាប់ ខាងមុខ។
គួរបញ្ជាក់ថា នៅក្នុងជំហ៊ានទី១ អាជ្ញាធរខេត្តព្រះវិហារ បានបែងចែកផ្ទៃដីកសិកម្ម ជូនប្រជាពលរដ្ឋបាន ចំនួន ៩៩គ្រួសារ លើទំហំផ្ទៃដី ១៩៨ ហិចតា រួចហើយ កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២០ កន្លងទៅ។ ហើយនៅថ្ងៃទី៤មិថុនាម្សិលមិញនេះ ប្រជាពលរដ្ឋ ២០៩គ្រួសារ លើទំហំផ្ទៃដី ៤១៨ ហិចតា បន្ថែមទៀត ដែលទទួលបានដីកសិកម្ម ពីរាជរដ្ឋាភិបាល តាមរយះអាជ្ញាធរខេត្ត សរុបទាំងជំហ៊ានទី១ និងជំហ៊ានទី២ មានចំនួន ៣០៨គ្រួសារ ស្មើនឹងផ្ទៃដី ៦១៦ហិចតា នៃប្រជាពលរដ្ឋ ចំនួន ១ពាន់ ៤៥គ្រួសារ ដែលមានផ្ទៃដីសរុប ៥ពាន់ហិចតា ដែលជាផ្ទៃដីសម្បទានសង្គមកិច្ច កាត់ចេញពីផ្ទៃដី នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រ ឃុំយាង និងឃុំកន្ទួត នៃស្រុកជាំក្សាន្ត។ ដោយឡែក ប្រជាពលរដ្ឋ ៧៣៧គ្រួសារទៀត នឹងត្រូវបែងចែកលើផ្ទៃដីសង្គមកិច្ច ៤ពាន់ ៣៨៤ហិចតា ដោយធ្វើជាជំហ៊ានៗ នៅពេលខាងមុខនេះ ៕