បាត់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូតាមរកម៉ូតូផ្អើលខណ្ឌមានជ័យ
ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរលួចគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយ សុវត្ថិភាព ហើយត្រូវម្ចាស់ម៉ូតូតាមរកតាម រយៈGPS បង្ហាញនៅក្នុងទឹកដីខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១០ព្រឹក ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ម្ចាស់ម៉ូតូមានឈ្មោះ លន់ អេង អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅនៅបន្ទប់ជួល ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា គាត់បានទុកក្នុងបន្ទប់ផ្ទះជួលកន្លែងលក់ដូរហើយគាត់បានទៅសម្រាកផ្ទះផ្សេងមួយទៀត លុះដល់ប្រហែលម៉ោង ៥ព្រឹកគាត់មកបើកតូបលក់ដូរ ស្រាប់តែឃើញទ្វាចំហ និងបាត់ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HV-5342 ។
ក្រោយពេលកើតហេតុគាត់បានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ និងបានជិះតាមរកតាមរយៈប្រព័ន្ធGPS បានបង្ហាញមកក្នុងខណ្ឌមានជ័យ ទើបម្ចាស់ម៉ូតូបានសុំឲ្យ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ជួយសហការឆែករកម៉ូតូ ប៉ុន្ដែរកមិនឃើញសមត្ថកិច្ចក៏រំសាយត្រលប់ទៅប៉ុស្ដិ៍វិញ ដើម្បីណែនាំឲ្យម្ចាស់ទៅឲ្យសមត្ថកិច្ចកន្លែងកើត ហេតុចាត់ការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យតែម្ដង៕ ដោយ ៖ បញ្ញា