ធនាគារឯកទេសវីង ចាប់ដៃសហការជាមួយផ្សារទំនើប អ៊ីអន ម៉ល ដើម្បីរួមគ្នាផ្តល់នូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយភាពងាយស្រួលជូនដល់អតិថិជននៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង ។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ កំពុងតែមានប្រជាប្រិយពាសពេញពិភពលោក ដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។

ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី  ដែលជាផ្សារទំនើបឈានមុខគេ និងធំជាងគេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្មប្រកបដោយភាពងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។

លោកអគ្គនាយកបន្តថា តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញ និងផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះ នឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេន QRកូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារទំនើបអ៊ីអនម៉លអាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ ។ យើងរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើសកាន់តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់អតិថិជននៅកម្ពុជា ។

លោកអគ្គនាយកបន្ថែមថា ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដើម្បីជាកិច្ចចាប់ផ្តើម នៃភាពជាដៃគូនេះ អតិថិជនចំនួនជាង១ពាន់នាក់ដំបូងនឹងទទួលបានការបញ្ចុះតម្លៃ៥ដុល្លារភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញ និងសេវាកម្មនៅហាងជិត៣០កន្លែងក្នុងផ្សារទំនើប អ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារ និងភេសជ្ជៈរហូតដល់ហាងលក់សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner