រដ្ឋបាលខេត្តរួមជាមួយ នឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាំយកអំណោយចូលរួមរំលែកទុក្ខជូនដល់គ្រួសាររងគ្រោះ ដោយសារឧប្បទវហេតុបាក់របងសង្កត់លើស្លាប់កុមារចំនួន ៣នាក់នៅស្រុកព្រះស្ដេច
ព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយសហការី អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត បាននាំយកសម្ភារៈ និងបច្ច័យ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលរងគ្រោះដោយបាក់របងសង្កត់លើស្លាប់នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នាឱកាសនោះដោយសែនក្រៀមក្រំនោះ លោកស្រីនាយិកាសាខា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់កូន និងចៅជាទីស្រលាញ់ស្មើកែវភ្នែកនេះផងដែ។
សូមបញ្ជាក់ថា៖ ចំពោះករណីនេះកើតឡើងនៅម៉ោង១៣ៈ០០នាទីនៅចំណុចផ្ទះល្វែងជាន់ផ្ទាល់ដី (កំពុងសាងសង់ថ្មី) ខាងកើតវត្តឬស្សីសាញ់ ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បណ្តាលអោយស្លាប់កុមារចំនួន ៣នាក់៖ ១/ឈ្មោះ ឆេង ញ៉ ភេទប្រុសអាយុអាយុ៧ឆ្នាំ , ២/ ឈ្មោះ ឆេង ចំរើន ភេទស្រីអាយុ២ឆ្នាំ, ៣/ ឈ្មោះ ម៉េង ទូច ភេទស្រីអាយុ៣ឆ្នាំ។
មូលហេតុ ក្មេងទាំង៣នាក់ ទៅលេងក្បែរជញ្ជាំងរបងឥដ្ឋនោះ ពេលឳពុកម្តាយឡើងទៅធ្វើការ រៀបឥដ្ឋនៅជាន់លើ។ សម្ភារដែលចូលបុណ្យរួមមាន៖
-សម្ភារសាខាផ្តល់ជូនរួមមាន៖ អង្ករ ៧៥គ.ក មី ៥កេស ត្រី ខ ៥យួរ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស និងថវិកាចំនួន ១,២០០,០០០រៀល។
-ឯកឧត្តម ហ៊ឺ បាវី អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១,៨០០,០០០រៀល។
-ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១,០០០,០០០រៀល។
-សម្ភារអនុសាខាស្រុកផ្តល់ជូន៖ អង្ករ ៧៥គ.ក និងថវិកាចំនួន ៣០០,០០០រៀលផងដែ៕