ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកទ្វារព្រំដែន ទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង នូវ បន្លែផ្លែឈើ ដែលមានសារធាតុ “ជាតិគីមី”
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៃរដ្ឋ បាល ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងជម្រុញទៅដល់គ្រប់ស្ថាប័នមន្ទីរ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ តាមច្រកទ្វារព្រំដែនទាំងអស់ថា៖ គ្រប់អ្នកពាក់ព័ន្ធដែលទទួលខុសត្រូវទីនោះ ត្រូវអនុវត្តឲ្យបានច្បាស់លាស់ តាមលិខិតរបស់ក្រសួងមហាផ្ទៃ ដោយត្រូវធ្វើការអន្តរាគមន៍ ទប់ស្កាត់ និង ធ្វើការហាមឃាត់នូវការនាំចូលបន្លែផ្លែឈើមានជាតិគីមីពុលពីបរទេសចូលមកស្រុកខ្មែរ ជាពិសេស ពីបណ្តាប្រទេសជិតខាង ។
ការណែនាំនិងជម្រុញបែបនេះ ដោយយោងលើលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានជម្រាបមកគ្រប់គណៈអភិបាលខេត្តដែលជាប់ព្រំដែន។ក្នុងន័យនៃកម្មវត្ថុករណីសំណើសុំជួយអន្តរាគមន៍ពីការទប៉ស្កាត់និងហាមឃាត់ការនាំចូលបន្លែផ្លែឈើ ដែលមានជាតិគីមីពុល ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស៎របស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានស្នើសុំក្រសួងមហាផ្ទៃស្នើសុំជួយអន្តរាគមន៍និងហាមឃាត់ទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើដែលមានសារជាតិគីមីពីបរទេស ចូលមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញដល់មន្ទីរកសិកម្មខេត្ត និងបណ្តាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាឲ្យបានល្អ ក្នុងការទប់ស្កាត់កុំឲ្យមានការនាំចូលនូវបន្លែ-ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីនិងវាអាចបង្កនាំឲ្យគ្រោះថ្នាក់ដល់សុខភាព និង ជីវិត របស់អ្នកបរិភោគនិងប្រើប្រាស់ដោយត្រូវពិនិត្យឲ្យបានម៉តចត់ជាទីបំផុត ។
ឯកឧត្តម ងួន រតនៈ ក៏បានប្រាប់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ ត្រូវតែចាត់ឲ្យមន្ត្រីជំនាញរបស់មន្ទីរ ចុះជ្វើការ ប្រចាំការនៅច្រកទ្វារព្រំដែន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកបន្លែ ផ្លែឈើមានជាតិគីមីពុល រួមទាំងទំនិញខូចគុណភាពផ្សេងៗ ដោយត្រូវធ្វើការហាមឃាត់ មិនឱ្យចរាចរចូលមកក្នុងប្រទេស ឬក្នុងខេត្តបាត់ដំបងជាដាច់ខាត ហើយការពិនិត្យនេះក៏ត្រូវមានឧបករណ៍ដើម្បីត្រួតពិនិត្យឲ្យបានជាក់លាក់និងបានច្បាស់លាស់ផងដែរ។
ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់គ្រប់សមត្ថកិច្ចកងកម្លាំងនៅតាមព្រំដែន ត្រូតែបន្តទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃរបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលដែលប្រទេសថៃ កំពុងតែបន្តដាក់ប្រទេសគេ ស្ថិតក្នុងគ្រាអាសន្នដោយសារតែបញ្ហាវិបត្តិកូវីដ-១៩ ជាសកលកន្លងមកនេះ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )