សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ និងស្រស់ស្អាត

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។ ក្នុងឱកាសចុះពិនិត្យទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្តេចតេសែន បានធ្វើពិធីសាសនារួមមានពិធីក្រុងពាលីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី លើផ្លាកគណបក្សព្រមទាំងសូមសុខសិរីសួស្ដីដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដើម្បីដាក់ស្នាក់ការគណបក្សនេះបម្រើដល់ប្រជាពលរដ្ឋកម្ពុជា។

អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង៥០,០០០ម៉ែត្រក្រឡា។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។ គិតដល់ថ្ងៃនេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់បាន៩៥% ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសខួបទី៦៩ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ បានរំដោះជាតិ ទទួលជ័យជំនះទាំងស្រុងលើរបបខ្មែរក្រហមនាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩។

ចាប់តាំងពីពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍មក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធម្មពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។គណបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលក្នុងការដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

របបរាជានិយមទី២ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបង្រួបបង្រួមជាតិ ដឹកនាំស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ ដែលបានបង្កបុព្វបទជាមូលដ្ឋានសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនគួរជាទីមោទនភាពមកដល់បច្ចុប្បន្ននេះ។

អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអានុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner