បានដឹង 8 ចំណុចនេះទើបច្បាស់ថាផ្កាយរណបបានជួយដល់សេដ្ឋកិច្ចពិភពលោកកម្រិតណា
បរទេស៖ ជាអត្ថបទដែលត្រូវធ្វើឡើងតាមរយៈការប្រមូលយករបាយការណ៍ចេញពី World Economic Forum ក្នុងគោលបំណងពន្យល់ឲ្យដឹង និងជឿជាក់ថា ផ្កាយរណបរាប់រយគ្រឿងដែលកំពុងហោះហើរជុំវិញភពផែនដីសព្វថ្ងៃនេះមានគុណសម្បត្តិ និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ចទៅឲ្យប្រទេសទាំងអស់លើលោកដោយរបៀបណា។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន 8 ដែលបញ្ជាក់ថាផ្កាយរណបពិតជាបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសម្បើមជូនមនុសុ្សដែលរស់នៅលើភពផែនដីអស់រយៈពេលរាប់សិបឆ្នាំមកហើយ។
១.ផ្កាយរណបជួយដល់ការបញ្ចប់ទៅនៃការធ្វើនេសាទ និងជួញដូរសត្វព្រៃខុសច្បាប់នៅលើលោក។តាមតួលេខបានបញ្ជាក់ថាប្រាក់ជួញដូរខុសច្បាប់ដល់ទៅ 73 ពាន់លានដុល្លារជារៀងរាល់ឆ្នាំត្រូវបានរារាំង
២.ទូរសព្ទរបស់អ្នកស្ថិតនៅក្នុងចំណោមទូរស័ព្ទដៃជាង 5 ពាន់លានគ្រឿងទៀតដែលបានភ្ជាប់ទៅនឹងផ្កាយរណបនៅក្នុងលំហអាកាសតាមរយៈការប្រើប្រាស់ពីផែនទីការបង្ហាញផ្លូវធ្វើដំណើរ និង GPS ។
៣.ផ្កាយរណបអាចជួយដល់មនុស្សប្រមាណជា 3 ពាន់លាននាក់ដែលមិនមានអុីនធឺណេតឲ្យអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងកៀកកិតតាមរយៈផ្កាយរណបដែលដើរតួជាអ្នកបំពេញចន្លោះប្រហោងមួយនេះ។
៤.ផ្កាយរណបច្រើនជាង 160 គ្រឿងបច្ចុប្បន្នកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើការវាស់វែង និងព្យាករណ៍ពីបម្រែបម្រូលអាកាសធាតុ។
៥.ផ្កាយរណបអាចជួយបង្កើនល្បឿនអុីនធឺណេតដល់ទៅ 70 ភាគរយក្នុងអំឡុងពេលគ្រោះមហន្តរាយ និងពេលមានជំងឺរាតត្បាតជាដើម។
៦.ដោយប្រយោលផ្កាយរណបបានផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រមាណជា 10 ទ្រីលានដុល្លារទៅលើវិស័យបច្ចេកវិទ្យាអុីនធឺណេត ហិរញ្ញវត្ថុ និងឧស្សាហកម្មផ្សេងទៀត។
៧.អស់រយៈពេល 50 ឆ្នាំមកហើយដែលផ្កាយរណបគឺជាអ្នកតាមឃ្លាំមើលទៅលើការបង្កើនកម្លាំងអាវុធប្រល័យលោកដូចជានុយក្លេអ៊ែរជាដើម និងផ្តល់សញ្ញាទាន់ពេលប្រសិនការបំផ្ទុះនុយក្លេអ៊ែរអាចកើតឡើង។
៨.ស្ទើរគ្រប់គោលបំណងសំខាន់នៃកិច្ចការងារអភិវឌ្ឍប្រកបដោយស្ថិរភាពទាំងអស់របស់អង្គការសហប្រជាជាតិគឺពឹងផ្អែកទៅលើវិស័យបច្ចេកវិទ្យាអាវកាស៕