ស្ថាប័នមួយចំនួននៅថ្នាក់ក្រោមជាតិនៃខេត្តបាត់ដំបង ទទួលបានការបំពាក់ម៉ាស៊ីនចម្រោះនិងបន្សុតទឹកស្អាតពីរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន បានបំពាក់ នូវ ម៉ាស៊ីនចម្រោះទឹកស្អាតនិងសម្លាប់មេរោគ ដើម្បីផ្តល់ជូនសម្រាប់ការប្រើប្រាស់និងហូប តាមរយៈការបើករ៉ូប៊ីណេផ្ទាល់យកទៅប្រើប្រាស់ឬហូបផ្ទាល់ ហើយត្រូវបានបំពាក់ជូនដល់ស្ថាប័ន មន្ទីរ អង្គភាពរដ្ឋបាលដែនដី ចំនួន៤ ក្នុងខេត្តបាត់ដំបង។ក្នុងនោះរួមមាន៖មន្ទីរបរិស្ថាន ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត សាលាក្រុងបាត់ដំបង និងអង្គភាពបរិស្ថានក្រុមអភិរក្សតំបន់រ៉ាមសារ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ (តំបន់បឹងទន្លេសាប) ខេត្តបាត់ដំបងថ្មីៗកន្លងទៅនេះ។ នេះបើតាមការគូសបញ្ជាក់ពីលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ប្រាប់ឲ្យដឹងនៅល្ងាច ថ្ងៃទី២៩ខែធ្នូនេះ។

លោកប្រធានមន្ទីរបរិស្ថាន ក៏បានឲ្យដឹងផងដែរថា៖ម៉ាស៊ីនចម្រោះទឹកនិងសម្លាប់មេរោគដែលក្រសួងបរិស្ថានបានបំពាក់ជូនដល់អង្គភាពទាំង៤ខាងលើ បានរួចរាល់អាចប្រើប្រាស់បានហើយ កា
លពីថ្ងៃទី២៧ខែធ្នូ២០២០ថ្មីៗនេះជាម៉ាស៊ីនច្រោះទឹក និងសម្លាប់មេរោគប្រកបដោយអនាម័យគុណភាពខ្ពស់ ហើយវាក៏ជាផលិតផលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិនតៃវ៉ាន់។ហើយក្រុមកាងារនេះ ដឹកនាំដោយឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តបាត់ដំបង ដោយបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងធ្វើការតម្លើង នូវ ម៉ាស៊ីនទឹកស្អាត ជូនប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័ននិងអង្គភាពរដ្ឋក្នុងខេត្ត ដើម្បី ១.កាត់បន្ថយនូវការប្រើប្រាស់ដបប្លាស្ទិក។ ២.កាត់បន្ថយនូវការចំណាយប្រចាំថ្ងៃ និងដើម្បីលើកកម្ពស់ជីវភាព។ និង៣.ជួយឱ្យផ្នែកសុខមាលភាពបានកាន់តែល្អប្រសើរ។

លោក សុង ស៊ើង(សឺង) ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូននិងទទួលបន្ទុកការងារអនាម័យបរិស្ថាន នៃ សាលាក្រុងបាត់ដំបង បានឲ្យដឹងថា៖ការទទួលបាននូវម៉ាស៊ីននិងធុងចម្រោះទឹកស្អាត នៅតាមស្ថាប័នថ្នាក់ក្រោមជាតិនេះ គឺជាបរិបទថ្មីមួយ ក្នុងការចូលរួមក្នុងការលើកកម្ពស់ក្នុងការថែរក្សានូវបរិស្ថានក្នុងក្រុងបានមួយផ្នែក តាមរយៈនៃការកាត់បន្ថយពីការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។ ហើយនេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការលើកម្ពស់នូវការងារសុខភាពរបស់បុគ្គលិករដ្ឋនិងប្រជាពលរដ្ឋផងដែរ ។លោកបានបន្តថាម៉ាស៊ីននិងធុងចម្រោះទឹកនេះមានគុណភាពខ្ពស់ ក្នុងការកម្ចាត់មេរោគ។ ហើយម៉ាស៊ីនចម្រោះទឹកស្អាតប្រកបដោយគុណភាព និងអនាម័យកម្រិតខ្ពស់នេះ អាចប្រើប្រាស់បានដូចជា៖ទឹកឆ្អិនល្អ ទឹកត្រជាក់ និងទឹកធម្មតា ស្របតាមស្តង់ដារ អនាម័យ របស់សុខាភិបាល ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក៏បានសម្តែងនូវការអរគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សម្តេចក្រឡាហោម ស ខេង ឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញផ្ទាល់ ដែលបានជួយជ្រោមជ្រែង ក្នុងការផ្តល់និងបំពាក់ម៉ាស៊ីនធុងចម្រោះទឹកស្អាតប្រកបដោយគុណភាពនិងអនាម័យខ្ពស់ដល់រដ្ឋបាលសាលាក្រុង ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម និងជាសាធារណៈ។ ជាពិសេស ម៉ាស៊ីនចម្រោះទឹកស្អាតនេះ ក៏បានតម្លើង និងដាក់ឲ្យប្រើប្រាស់ នៅកន្លែងអង្គភាពច្រកចេញចូលតែមួយ ដែលជាទីកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់រដ្ឋបាលសាលាក្រុងបាត់ដំបងផងដែរ។

កន្លងមកនេះទាំងក្រសួងបរិស្ថាន ទាំងរដ្ឋបាលខេត្តបាត់ដំបង សាលាក្រុង និង មន្ទីរជំនាញផ្ទាល់ ក្នុងខេត្តតែងតែបំផុសចលនាក្នុងការកាត់បន្ថយនូវការប្រើប្លាស្ទិក។ ហើយថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានផ្ដល់និងបានបំពាក់រួចរាល់ និងដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីន និងធុងចម្រោះទឹក តាមស្ថាប័នរដ្ឋ នៅបាត់ដំបង។ហើយដែលគ្រោងនូវជំហានទី២ របស់ខ្លួនក្នុងកាសិក្សាបន្ថែមគ្រោងតម្លើងម៉ាស៊ីនចម្រោះទឹកស្អាតនេះបំពាក់ដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលដ៏ខ្លី ឆាប់ៗខាងមុខនេះ៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner