ក្រសួងមហាផ្ទៃ ប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៤ ដើម្បីពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៤ ដើម្បីពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង ដោយមានការចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល តំណាងពីក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង បានលើកឡើងថា ក្រុមការងារគម្រោងត្រូវមានការពិនិត្យ ពិភាក្សាគ្នាឲ្យបានមុនដំណាច់ឆ្នាំ២០២០ មុននឹងចេញនូវផែនការសកម្មភាពគម្រោង”លាភ” សម្រាប់ឆ្នាំបន្ទាប់ ឆ្នាំ២០២១ ដើម្បីឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក (World Bank)។ ឯកឧត្តម បានបន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺធ្វើឡើងដើម្បីពិនិត្យ ផ្លាស់ប្ដូរមតិយោបល់ លើផែនការសកម្មភាពរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យផែនការសកម្មភាព និងថវិកា សម្រាប់ឆ្នាំ២០២១ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៅទៀត ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានបន្ថែមថា កិច្ចប្រជុំនេះអាចផ្ដល់ឱកាសដល់ក្រុមការងារដើម្បីពិភាក្សានូវលទ្ធភាពកែសម្រួលគម្រោង រួមទាំងផែនការសកម្មភាព ឲ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងសាកសម ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតកូវីដ១៩។

គួរជម្រាបថា គម្រោង «លើកកម្ពស់ជីវភាពប្រជាជនក្រីក្រ» ដែលហៅកាត់ថា គម្រោង “លាភ” នេះមានគោលបំណងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុ ហើយមានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច រួមទាំងការត្រៀមលក្ខណៈ គាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្ន ណាមួយកើតឡើងជាយថាហេតុក្នុងឃុំ ឬទីតាំងគោលដៅរបស់គម្រោង៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner