តុលាការកាត់ទោស សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំទៀត
ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ សរុបចំនួន៤ឆ្នាំទៀត ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។ ក្រៅពីកាត់ទោសចំពោះ ទណ្ឌិត សម រង្ស៊ី នៅក្នុងសវនាការ ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស គូកនរបស់គាត់ឈ្មោះ ទុំ ប៊ុនថន និងឈ្មោះ ប៊ុត ប៊ុនតិញ ដាក់ទោសក្នុងម្នាក់ៗ ១ឆ្នាំ៨ខែដោយចាត់ទុកជាសាលក្រម ចំពោះមុខជនជាប់ចោទ ព្រមទាំងកាត់ទោសមនុស្ស២នាក់ទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ (ម១) ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ សម្រាប់សំណុំរឿងញុះញង់កុំឲ្យពលរដ្ឋសងបំណុលធានាគារ។
តុលាការ ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមជនជាប់ចោទដែលកំពុងគេចខ្លួន តាមខ្លឹមសារអំណាចសាលក្រម របស់តុលាការ។ មន្រ្តីតុលាការ បញ្ជាក់ថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៊ី ដែលតុលាការជំនុំជម្រះ គឺពាក់ព័ន្ធ នឹងករណីដែលលោក សម រង្ស៊ី និងគូកន បានបំភ្លៃព័ត៌មានមិនពិតពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៊ី ជាមួយគូកនបានញុះញង់កុំឲ្យប្រជាពលរដ្ឋសងលុយទៅធនាគារ។ ទន្ទឹមនឹងមានសំណុំរឿងស្អេកស្កះនៅកម្ពុជា ទណ្ឌិត សម រង្ស៊ី កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕
