កូនសត្វទន្សោងញី១ក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថាស្លាប់ នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់

 

កូនសត្វទន្សោងញីមួយក្បាលដែលមានអាយុប្រមាណទើប ៣ ខែទៅ ៤ ខែត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថា ស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ក្នុងស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ នេះដោយឯក ឧត្តមបានបញ្ជាក់ថាកូន សត្វទន្សោង ញីដែលដេក ស្លាប់ នេះមាន របួសដាច់កជើង ក្រោយ ខាងស្តាំដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ។  ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា តាមការត្រួតពិនិត្យ និងវិនិច្ឆ័យរបស់មន្ត្រីឧទ្យានុក្ស ឃើញថា កូនសត្វទន្សោង (ញី) បានស្លាប់ប្រហែលជា ៤ទៅ ៥ថ្ងៃមុនរកឃើញ។ កជើងម្ខាង ក្រោយខាងស្តាំត្រូវបានដាច់ និងមានដាំបាក់ជើងជាសញ្ញាជាប់អន្ទាក់។ មានស្ថានភាពស្អុយរលួយខ្លាំង មិនអាចចូលទៅជិតបាន។ តាមការសន្និដ្ឋានរបស់មន្ត្រីឧទ្យានុរក្ស គឺកូនសត្វទន្សោង(ញី) ដែលបាន ស្លាប់នៅចំណុចខាងលើបណ្តាល មកពីជាប់ អន្ទាក់ខ្សែកាប ដែលជនល្មើស បានលួចចូលមកក្នុងព្រៃតំបន់ស្នូលខាងលើ ដើម្បីដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្រោយពេលដែលមន្ត្រីឧទ្យានុក្ស វិលត្រឡប់ពីល្បាតវិញ។

 

បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដឹកនាំបុគ្គលិកគម្រោងអង្គការ Birdlife ចុះល្បាតនៅជិតចំណុចខាងលើនោះ ឃើញមានស្នាមជើងសត្វទន្សោងចំនួន ០៧ ក្បាលក្នុង នោះរួមមានស្នាមជើង កូនសត្វទន្សោង (តូច) មួយក្បាលផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថានពិតជាមានការ សោកស្តាយយ៉ាងខ្លាំងចំពោះបាត់បង់សត្វដ៏កម្រនេះ និងស្នើសុំសមត្ថកិច្ចពាក់ព័ន្ធចូលរួមចាត់វិធានការ លុបបំបាត់ការបង្កើតអន្ទាក់ក្នុងចេតនាបំផ្លិចបំផ្លាញធនធានសត្វព្រៃ។ ឯកឧត្តមបានថ្លែងថាចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងចំនួន៥ ក្បាលហើយដែលបាន រកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ១ ក្បាលស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ខេត្តឧត្តរមានជ័យ និង ៣ ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែន ជម្រកសត្វព្រៃលំផាត់។  

 

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសកម្មភាពនៃការលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ហើយអន្ទាក់គឺជាឃាតកលាក់មុខបន្តសម្លាប់សត្វព្រៃ ជារៀងរាល់ថ្ងៃ។ មន្ត្រីឧទ្យានុរក្សបាន បង្ក្រាប និងទប់ស្កាត់។ នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២០ គឺពីខែមករាដល់ខែមេសា អន្ទាក់ចំនួន ៨៩៥០ ត្រូវបានដោះ ចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះដែលប្រើសម្រាប់ការបរបាញ់សត្វ ចំនួន ២៣៩ ដើមត្រូវបានដកហូត។ នៅឆ្នាំ ២០១៩ កន្លងទៅអន្ទាក់ជិត ២០០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិដើម្បីការពារសត្វព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថាតាមរបាយការណ៍សិក្សារបាយប្រជាជនសត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមាន សត្វ ទន្សោង ច្រើន ជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែប៉ុណ្ណោះ។ ប្រទេសថៃនិងប្រទេសឥណ្ឌូនេស៊ីក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃឱ្យបាន គង់វង្ស ដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner