សារៈមន្ទីរនៅសៀមរាបចំនួន៣កន្លែង ចាប់ផ្តើមបើកឲ្យភ្ញៀវចូលទស្សនាឡើងវិញហើយ
នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះ សារៈមន្ទីរចំនួន៣នៅខេត្ដសៀមរាប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានឲ្យចាប់ផ្តើមបើកដំណើរការបម្រើភ្ញៀវចូលទស្សនាវិញហើយ ចាប់ពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកបណ្ដោះអាសន្ន មួយរយៈដោយសារតែបញ្ហាវិបត្តិជម្ងឺកូវិដ១៩ ។ សារៈមន្ទីរទាំងបីរនោះរួមមានសារមន្ទីរព្រះនរោត្តម សីហនុអង្គរ សារមនី្ទរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី ។
លោក ប៉ែន ចំរ៉ុង នាយកស្តីទីសារមន្ទីរព្រះនរោត្តម សីហនុអង្គរ បានឲ្យដឹងថា សម្រាប់ថ្ងៃដំបូងនៃការបើកដំណើរការឲ្យភ្ញៀវចូលទស្សនាឡើងវិញនេះ គឺមិនទាន់មានភ្ញៀវឬយុវជនខ្មែរយើងចូលមកទស្សនានិងធ្វើការសិក្សាឈ្វេងយល់ច្រើននោះទេ ហើយសម្រាប់អ្នកដែលចូលមកទស្សនាសារៈមន្ទីរព្រះនរោត្តម សីហនុអង្គរ តម្រូវឲ្យមានការចាញ់អាកុលសម្អាតដៃ និងវាស់កំដៅ ក្នុងករណីមានកំដៅខ្ពស់ មិនអនុញ្ញាតឲ្យចូលនោះឡើយ ។
លោកបានបន្តថា សម្រាប់សារៈមន្ទីរព្រះនរោត្តម សីហនុអង្គរ ចាប់ពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១ភ្ញៀវ ឬយុវជនខ្មែរយើងចូលមកទស្សនា គឺមិនគិតថ្លៃទេ ។ លោក ប៉ែន ចំរ៉ុង បានអំពាវនាវឲ្យយុវជនខ្មែរយើងគួរមកធ្វើការសិក្សាឈ្វេងយល់នៅសារៈមន្ទីរនេះឲ្យបានច្រើន ព្រោះថា នៅក្នុងសារៈមន្ទីរមិនត្រឹមតែជាកន្លែងតាំងបង្ហាញវត្ថុបុរាណប៉ុណ្ណោះទេ តែជាកន្លែងអប់រំដល់សាធារណៈជនទូទៅទាំងផ្នែកបេតិកភណ្ឌ វប្បធម៌និងសាសនាផ្សេងៗ ដោយខាងសារៈមន្ទីរ និងផ្តល់មគ្គុទ្ទេសក៏សម្រាប់ណែនាំ និងពន្យល់ផងដែរ ៕ ដោយ៖ ម៉ី សុខារិទ្ធ