ជនសង្ស័យ ២នាក់ ប៉ងលួចម៉ូតូ ស្រាប់តែកម្លាំងសមត្ថកិច្ចល្បាតខណ្ឌច្បារអំពៅប្រទះឃេីញចាប់ឃាត់ខ្លួន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ថា កាលពីម្សិលមិញមានជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ ករណី ប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យ ០២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ង្វៀង យ៉ាំងយីន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យ០២នាក់ ស្នាក់នៅមិនពិតប្រាកដ។
គួររំលឹកថា ៖ កាលពីថ្ងៃទី០៣-០៦-២០២០ ម៉ោង២១និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ល្បាតមកដល់ ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូម៉ាក Suzuki Viva ពណ៌ក្រហម ពាក់ស្លាកលេខ ម.៤៥៦៩ ភ.ព១ ក៏ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោក ម៉ូតូ១ និងកូនសោលេខ៨ចំនួន០១ ដែលជនសង្ស័យឈ្មោះង្វៀង យ៉ាងយីន លាក់ទុកក្នុងហោប៉ៅខោខាងស្តាំ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
កន្លងមកជនសង្ស័យឈ្មោះ ប៊ុន វុទ្ធី ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២លើក (ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥) ពីបទ៖ រក្សាទុក ដោយខុសច្បាប់សារធាតុញៀន ហេីយជនសង្ស័យ២នាក់ ក៏ប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ
ដោយ៖ ភារ៉ា និងប៊ុនធី



