ដឹងទេថា ហេតុអ្វីបានជាអូស្ត្រាលីកែតម្រូវបទភ្លេងជាតិ?
បរទេស៖ ពលរដ្ឋអូស្ត្រាលីទាំងអស់ត្រូវបានគេដឹងថានឹងត្រូវធ្វើការប្រើប្រាស់បទចម្រៀងភ្លេងជាតិក្នុងគំរូកំណែទម្រង់ថ្មីចាប់តាំងតែពីដើមខែមករា ឆ្នាំ2021នេះ នៅក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រកាសកែតម្រូវនិងផ្លាស់ប្តូរពាក្យពេជមួយចំនួននៅក្នុងបទចម្រៀងភ្លេងជាតិនេះតាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ទូរទស្សន៍ BBC បានចេញផ្សាយអំពីព័ត៌មានមួយនេះបានសរសេរថាភ្លេងជាតិថ្មីរបស់អូស្ត្រាលីដែលជាយូរមកហើយ
បានច្រៀងសំដៅលើអត្ថន័យថា ពលរដ្ឋវ័យក្មេង និងសេរីភាព (young and free) នោះនឹងត្រូវប្តូរអត្ថន័យដែលសំដៅគោរពដល់ជនជាតិដើមរបស់ខ្លួនដែលមានដើមកំណើតអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះជំនួសវិញ។
ទោះបីជាយ៉ាងណាក្តីការប្រកាសផ្លាស់ប្តូរអត្ថន័យភ្លេងជាតិនេះគឺត្រូវបានស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលអូស្ត្រាលី ហើយក្នុងនោះផងដែរលោក Morrison បាននិយាយផងដែរថា លោករំពឹងទុកថាអត្ថន័យថ្មីនៃភ្លេងជាតិនឹងអាចជួយបង្កើតឲ្យបាននូវការសាមគ្គីភាពគ្នា ឬ “spirit of unity”។
គួរឲ្យដឹងដែរថា ពលរដ្ឋជាជនជាតិដើមអូស្ត្រាលីមានដើមកំណត់នៅទឹកដីនេះអស់រយៈរាប់ពាន់ឆ្នាំមកហើយ ពោលគឺមុនពេលដែលពលរដ្ឋអង់គ្លេសស្បែកសបានធ្វើដំណើរចូលមករស់នៅកាលពីអំឡុងសតវត្សរ៍ទី 18 ម្ល៉េះ។ ភ្លេងជាតិរបស់អូស្ត្រាលីដែលមានចំណងជើងថា Advance Australia Fair នឹងត្រូវផ្លាស់ប្តូរឃ្លាដ៏សំខាន់មួយពី For we are young and free ទៅជា For We are one and free និងក៏ដូចជាពាក្យពេជមួយចំនួនផ្សេងទៀតផងដែរ។
លោក Morrison បានសង្កត់ធ្ងន់ដែរថា អត្ថន័យថ្មីនឹងក្លាយទៅជាការទទួលស្គាល់ថាអូស្ត្រាលីគឺជាប្រជាជាតិដែលបានធ្វើដំណើរអស់រយៈពេលជាយូរមកហើយ។ ប្រវត្តិដូនតាដល់ទៅ 300 បុព្វបុរស និងភាសាចម្រុះគ្នាគឺមានន័យថា យើងគឺជាប្រទេសដែលមានវប្បធម៍ដ៏ចម្រុះ
បំផុតនៅលើភពផែនដីនេះ៕