ចិន និងសហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងវិនិយោគធំមួយ ខណៈកិច្ចព្រមព្រៀងនេះកំពុងគំរាមកំហែងដល់ទំនាក់ទំនងរវាងអឺរ៉ុប-សហរដ្ឋអាមេរិក
បរទេស៖ សហភាពអឺរ៉ុបទើបសម្រេចបាននូវកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយមួយចិន ខណៈក្រុមអ្នកវិភាគមើលឃើញថា វាកំពុងបង្កការគំរាមកំហែងដល់ទំនាក់ទំនងរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើតាមប្រភពពីសារព័ត៌មាន VOA នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ។
ទន្ទឹមគ្នា សហភាពអឺរ៉ុបបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានឈ្មោះថា កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុប-ចិន ហៅកាត់ CAI នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអឺរ៉ុបធ្វើការប្រកួតប្រជែងដោយស្មើភាពជាងមុន ជាមួយក្រុមហ៊ុនរដ្ឋនៅចិន ដែលឥឡូវក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់សហភាពអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងវិនិយោគខាងលើនេះ នៅត្រូវឆ្លងកាត់ការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ដែលអាចប្រើពេលជាច្រើនខែទៀត ។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះត្រូវសម្រេចបានកាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីកិច្ចចរចាអស់រយៈពេលប្រមាណ០៧ឆ្នាំ ។ កិច្ចព្រមព្រៀងនេះដែរ អាចជាជ័យជម្នះយ៉ាងធំធេងមួយសម្រាប់ចិន ដែលកំពុងព្យាយាមស្វែងរកការវិនិយោគថ្មីពីបរទេស ចំពេលក្រុមហ៊ុនជាច្រើនបានផ្លាស់ប្រតិបត្តិការចេញពីប្រទេសចិន ដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងចិន និង សហរដ្ឋអាមេរិក ៕

