ពេញមួយឆ្នាំ២០២០ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លក់រថយន្តបានចំនួន៤៩ម៉ឺន៩ពាន់៥៥០គ្រឿង
អាមេរិក៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Tesla បានឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅនេះ ការលក់រថយន្តរបស់ខ្លួនមានចំនួន៤៩ម៉ឺន៩ពាន់៥៥០គ្រឿង ខណៈតួលេខនេះ គឺពិតជាល្អសម្រាប់ក្រុមហ៊ុន ប៉ុន្តែវាមិនបានបំពេញតាមគោលដៅដែលនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ គឺលោក Elon Musk បានកំណត់នោះទេ ពោលគឺនៅខ្វះ ៤៥០គ្រឿងទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៤ ខែមករា ឆ្នាំ២០២១ ។
យ៉ាងណាមិញ ជាមួយនឹងលទ្ធផលខាងលើនេះ លោក Elon Musk បានបង្ហោះសារនៅលើ Twitter ថា លោកមានមោទនភាពណាស់ ចំពោះក្រុមហ៊ុនការងារ Tesla ដែលបានប្រឹងប្រែងរហូតដល់សម្រេចបាននូវការលក់ដ៏អស្ចារ្យមួយនេះ ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរូបនេះ បានអរគុណដល់អតិថិជន និងដៃគូវិនិយោគទាំងអស់ ដែលបានផ្ដល់ការគាំទ្រ និងទុកចិត្តចំពោះផលិតផលរបស់ Tesla ។
បន្ថែមលើនេះ លោក Elon Musk ក៏បានសន្យាផងដែរថា នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ កាន់តែអស្ចារ្យជាងនេះទៀត តាមរយៈផលិតផលថ្មីៗបន្ថែមទៀត ខណៈបើតាមការគ្រោងទុកនោះ Tesla នឹងវាយលុកទីផ្សារអឺរ៉ុប និងអាស៊ីក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងនោះរួមមានទាំងទីផ្សាររថយន្ត និងការវិនិយោគបន្ថែមទៀត ៕


