ប្រជាពលរដ្ឋងរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៣៥៦ គ្រួសារ នៅស្រុកព្រៃនប់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមស្រុកព្រៃនប់ សរុបចំនួន ៣៥៧គ្រួសារ។ ការចែកជូនអំណោយនេះក្នុងបរិវេណវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មានចំនួន៣ឃុំ គឺ៖ឃុំជើងគោមានចំនួន ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។ លោកបន្តថា នៅស្រុកព្រៃនប់ តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ។
ឯកឧត្តម គួច ចំរើន បាននាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម គួច ចំរើនបានរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាពលរដ្ឋដែលមានការលំបាក និងជនងាយរងគ្រោះក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ត្រូវរាយការណ៍មកសាខាកាកបាទក្រហមខេត្តអោយបានទាន់ពេលវេលាដើម្បីដោះស្រាយអោយបានទាន់ពេលវាលា ចៀសវាងការមិនបានដោះស្រាយដោយយើងមិនបានដឹង។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹក ញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ជូនថា អំណោយចែកជូននេះក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។ ការផ្តល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនេះត្រូវបានធ្វើឡើងគ្រប់ក្រុង/ស្រុកទាំងអស់ ដែលមានពលរដ្ឋរងគ្រោះដោយធម្មជាតិ ជនទីទ័លក្រ និងជនងាយរងគ្រោះដែលជួបបញ្ហាប្រឈមក្នុងជីវភាពជាដើម៕ ដោយ៖សា វ៉ុន







