តុលាការអ៊ីរ៉ាក់ចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ជុំវិញការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ និងមេដឹកនាំក្រុមជីវពលអ៊ីរ៉ាក់ដ៏មានឥទ្ធិពលម្នាក់កាលពីឆ្នាំមុន (Video)
អ៊ីរ៉ាក់៖ ចៅក្រុមម្នាក់របស់តុលាការក្រុងបាកដាដ បានចេញដីកាចាប់ខ្លួនប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញសំណុំរឿងធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ និង មេដឹកនាំក្រុមជីវពលអ៊ីរ៉ាក់ដ៏មានឥទ្ធិពលម្នាក់កាលពីឆ្នាំមុន នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។
ក្រុមប្រឹក្សារបស់តុលាការកំពូលអ៊ីរ៉ាក់លើកឡើងថា ក្រោយបញ្ចប់ការស៊ើបអង្កេតបឋមទាំងស្រុង ចៅក្រមបានសម្រេចចិត្តចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ។ នីតិវិធីស៊ើបអង្កេតនឹងបន្តធ្វើឡើង ដើម្បីស្វែងរកអ្នកចូលរួម ឬអ្នកពាក់ព័ន្ធទាំង ឡាយក្នុងបទឧក្រិដ្ឋមួយនេះ មិនថា ពួកគេជាពលរដ្ឋអ៊ីរ៉ាក់ ឬជនបរទេសឡើយ។
សូមបញ្ជាក់ផងដែរថា លោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស ជាមេបញ្ជាការរងនៃកងជីវពលអ៊ីរ៉ាក់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកត្រូវបានផ្តាច់ជីវិត រួមជាមួយលោក កាហ្សេម សូឡៃម៉ានី នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ៕


