អភិបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យកាប់ដើមឈឺធំៗ៣ដើមនៅលើសួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញទេ មានតែដាំថ្មីបន្ថែម
ភ្នំពេញ៖ ដើមឈឺធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រេចថា{ មិនឱ្យកាប់យកចេញនោះទេ} មានតែការដាំថ្មីបន្ថែម។
ការសម្រេចបែបនេះបានធ្វើឡើងខណៈដែលឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនៅសួនច្បារកាណាឌីយ៉ាក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។
ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ ឯឧ ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ តែលោកបាន បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី មន្ទីរកសិកម្មរាជធានី និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។
គួរបញ្ជាក់ថា៖កន្លងទៅនេះលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ មករា ថា៖ ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញចំនួន៣ដើមហើយឱ្យដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។
ក៏ប៉ុន្តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ខណៈដែលឯឧឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែង ឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម ៕ សម្បត្តិ