ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ករណីយកកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមបានសម្រេច
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងនគបាលបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីយកកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុង មួយគ្រឿង ប្រព្រឹត្តនៅចំណុចមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១ និង ៤០នាទីរំលងអធ្រាត្រ និងចាប់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DK០៨៨៩។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖ ប៊ុន ធី និងភារ៉ា