ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨ពាន់៣៩២ករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខចំនួនច្រើនបំផុតថ្មីមួយមិនធ្លាប់មាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួនអ្នកជាសះស្បើយឡើងវិញក៏បានកើនឡើងរហូតដល់៩ម៉ឺន១ពាន់៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩ម៉ឺន៣ពាន់៣២២នាក់កំពុងបន្តសម្រាកព្យាបាល ។ គិតមកទល់ពេលនេះ ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។ យ៉ាងណាមិញ ការរឹតបន្តឹងមួយចំនួនក្នុងប្រទេសក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ។

សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប១៩ម៉ឺន៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៤០៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ម៉ឺន១ពាន់៨៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner