កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣១ ខែឧសភា
ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០ ចំនួន ២៥ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៦ខ្នង មធ្យម ១៣ខ្នង និងខូចខាតស្រាល ៦ខ្នង ក្នុងស្រុកស្វាយទាប ១២ខ្នង កំពង់រោទិ៍ ១១ខ្នង រំដួល ១ខ្នង ក្រុងស្វាយរៀង ១ខ្នង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ។
អំណោយដែលបានចែកជូនទាំង ២៥ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៦គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ១៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់ គ្រួសាររងគ្រោះស្រាល ៦ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ។ ក្នុងពិធីនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ៦ គ្រួសារ ក្នុង ១គ្រួសារ ១០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ១៣ គ្រួសារ ក្នុង ១ គ្រួសារ ៥០,០០០ រៀល ៕