កម្ពុជាប្រកាសពីការប្ដេជ្ញាចិត្ត និងជំហររបស់ខ្លួនដើម្បីសម្រេចឲ្យបានតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសាធាតុ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា ខ្លួនបានដាក់ឯកសារបច្ចុប្បន្នភាពនៃសការរួមចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ទៅកាន់អគ្គលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតិ (UNFCCC) កាលពីថ្ងៃ៣១ធ្នូឆ្នាំ២០២១។
ឯកសាររបាយការណ៍បច្ចុប្បន្នភាពនោះ បានបង្ហាញអំពីការប្ដេជ្ញាចិត្ត និងជំហររបស់ប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សន៍បន្ទាប់ ដើម្បីសម្រេចឲ្យបានតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ ដែលកិច្ចព្រមព្រៀងនោះ ត្រូវបានអនុម័តនៅសន្និសីទកំពូលលើកទី២១នៅទូក្រុងប៉ារីស ដោយភាគីជាសមាជិកនៃអនុសញ្ញាចំនួន១៩៦ នៅថ្ងៃទី១២ធ្នូឆ្នាំ២០១៥ និងបានចូលជាធរមាននៅថ្ងៃទី៤វិច្ឆិកាឆ្នាំ២០១៦ ដែលប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឲ្យបានកំណើនកម្ដៅផែនដីឲ្យនៅកម្រិតទាបជាង២អង្សារសេ និងបន្តឲ្យនៅត្រឹម១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
ទោះបី កម្ពុជា ជាប្រទេសចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្ដី តែតាមរយៈឯកសាររបាយការណ៍បច្ចុប្បន្នភាពនោះ កម្ពុជាបានបង្ហាញឆន្ទៈអំពីជំហររបស់ខ្លួនក្នុងការរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈធនធានរបស់ខ្លួន និងបង្កើនសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពធន់នឹងអាកាសធាតុ បញ្ចេញកាបូនតិច និងប្រកបដោយចីរភាព។ របាយការណ៍បច្ចុប្បន្នភាពនោះ បង្ហាញថា កម្ពុជាងាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានចំនួនប្រមាណ៦៤លាន៦សែនតោន ពោលគឺប្រមាណ៤១,៧% នៃសមមូលកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០៕កឹម ទៀង