បុរស២នាក់ ត្រូវរថយន្តយីឌុបបើកកិនស្លាប់ទាំងពីរនាក់ភ្លាមៗ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿង បើកបញ្ច្រាស់ទិសដៅគ្នាកិនស្លាប់ កាលពីវេលាម៉ោង១៦ និង៣១ នាទីថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ទាំងពីរនាក់ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល1A-1129 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងផងបានវ៉ារថយន្តមួយគ្រឿងមកខាងឆ្វេងដៃ មិនផុតបណ្តាលឲ្យប៉ះដៃចង្កូតដួលទៅនឹងថ្នល់ស្របពេលមានមួយរថយន្តមួយគ្រឿងប្រភេទយីឌុប ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់បើកបញ្ច្រាស់ទិសដៅគ្នាពិជើងទៅត្បូងកិនបែកក្បាលធ្លាយខួរស្លាប់ ទាំងពីរនាក់តែម្តង។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បានព្យាយាមបើករត់ប្រមាណជាង ២០០ម៉ែត្រយកទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែង រួចតែកុងរថយន្តដោះស្លាកលេខរថយន្តចេញរួចគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដទៅតម្ដល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យការប្រពៃណី៕ ដោយ៖ ជីម ភារ៉ា