លោក ដូណាល់ ត្រាំ នឹងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃដែលលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាផ្លូវការ (Video)
អាមេរិក៖ ស្របពេលដែលលោក ចូ បៃដិន នឹងចាប់ផ្តើមពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍ក្រោយនោះ លោក ដូណាល់ ត្រាំ ក៏កំពុងរៀបចំផែនការផងដែរដើម្បីចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។
ប្រភពបានអោយដឹងថា ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ នឹងធ្វើដំណើរទៅកាន់មូលដ្ឋាន អាន់ឌ្រូស៍ ដែលស្ថិតនៅក្រៅរដ្ឋធានីវ៉ាស៊ីតោន ជាកន្លែងចតយន្តហោះពិសេស Air Force One ដើម្បីរៀបចំពិធីលាគ្នាមួយ ។
បន្ទាប់មកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាន ម៉ាអាឡាហ្គោ ក្នុងទីក្រុង ផាមប៊ីច រដ្ឋផ្លរីដា ជាទីដែលលោកនឹងស្នាក់នៅ សម្រាប់បន្តកិច្ចការផ្សេងៗទៀត ជាពិសេសគឺការព្យាយាមរក្សាឥទ្ធិពលរបស់លោកនៅក្នុងគណបក្សសាធារណរដ្ឋ ៕

