អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកជូនអំណោយមនុស្សធម៌ដល់ គ្រួសារដែលមានជីវភាពខ្វះខាត២០គ្រួសារ
ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ដែលរស់នៅក្នុង សង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
លោក ថេង សុថុល ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អភិបាលខណ្ឌ ណែរនាំទៅកាន់អាជ្ញាធរសង្កាត់ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ ចែកជូនដល់ពួកគាត់ ក្នុងន័យជួយសម្រាលការលំបាក របស់បងប្អូន ជាពិសេស ក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីត១៩ ស្របតាមគោលការណ៍របស់ កាកបាទក្រហមកម្ពុជា ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
អំណោយដែលទទួលបានក្នុង ១គ្រួសារទទួលបាន៖ អង្ករ ចំនួន ១ប៉ាវ ទម្ងន់ ២៥គីឡូក្រាម, ទឹកត្រី ចំនួន ០១ដប, ទឹកស៊ីអ៉ីវ ចំនួន ០១ដប, ត្រីខ ចំនួន ០២កំប៉ុង , សាប៊ូ ចំនួន ០១ដុំ, ម៉ាស ចំនួន ១០, មី ចំនួន ១០កញ្ចប់, ក្រម៉ា ០១ និងថវិកា ២០,០០០រៀល ក្នុងនោះថវិការបស់អនុសាខា ១០,០០០រៀល និងថវិការបស់លោក ទូច ខាន់ដា ១០,០០០រៀល៕
