ក្រសួងយុត្តិធម៌បង្ហាញទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៦ចំណុច ក្នុងករណីសំណុំរឿង៩វិច្ឆិកា របស់ពួកឧទ្ទាមខុសច្បាប់នៅបរទេស ដែលធ្វើឲ្យមានការពាក់ព័ន្ធនឹងមនុស្សច្រើន
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃ២៨មករាឆ្នាំ២០២១ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ដោយមានការស្នើសុំពីអ្នកសារព័ត៌មាន លោកបានលើកឡើងពីទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាព៦ចំណុច ក្នុងករណីសំណុំរឿង ៩ វិច្ឆិកា ហេតុអ្វីបានជាមានការពាក់ព័ន្ធនឹងមនុស្សច្រើន។
ចំណុចទាំង៦រួមមាន ទី១ ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើងដោយអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសដែលដឹកនាំដោយឈ្មោះ សម រង្សី។ ទី២ ឈ្មោះ សម រង្សី បានធ្វើយុទ្ធនាការញុះញង់
១)-ឱ្យកងកម្លាំងប្រដាប់អាវុធលែងស្តាប់បញ្ជា និងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល,
២)-បំផុស និងញុះញង់ឱ្យប្រជាជនទូទាំងប្រទេសក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និង
៣)-ប្រមូលថវិកាដើម្បីគាំទ្រដល់សកម្មភាពទាំងនោះ។ ទី៣ គោលបំណងពិតប្រាកដនៃការរៀបចំការវិលត្រឡប់ចូលស្រុកវិញដឹកនាំដោយ សម រង្សី នៅថ្ងៃ ៩ វិច្ឆិកា គឺដើម្បី៖
(១)-ចាប់ខ្លួននាយករដ្ឋមន្រ្តីក្នុងមុខតំណែង និង (២)-ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទី៤ ផែនការ ៩ វិច្ឆិកា នោះ គឺមានការពាក់ព័ន្ធនឹងមនុស្សជាច្រើនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ប៉ុន្តែ ដោយផែនការនោះត្រូវបានទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ទើបមនុស្សដែលពាក់ព័ន្ធមានចំនួនមិនសូវច្រើននោះទេ បើធៀបនឹងករណីនៅបរទេស។ បើផែនការនោះចាប់ផ្តើមអនុវត្ត នោះចំនួនមនុស្សដែលត្រូវចាប់ខ្លួនអាចមានចំនួនច្រើនជាងនេះ។ ជាក់ស្តែង ករណីរដ្ឋប្រហារនៅប្រទេសតួគី មានមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធ, គ្រូបង្រៀន, ចៅក្រម ផងដែរ ដោយសារតែនៅតួគី គឺដល់ដំណាក់កាលអនុវត្តផែនការរដ្ឋប្រហារហើយ។ ករណីបាតុកម្មនៅវិមាន Capitol នៅសហរដ្ឋអាមេរិក មានមនុស្សជាង១០០ នាក់ហើយដែលត្រូវបានចាប់ខ្លួន ហើយកម្លាំងសមត្ថកិច្ចក៏កំពុងស្វែងរកមុខសញ្ញាផ្សេងទៀតដែរ។
ទី៥ ហេតដូចនេះ អ្វីដែលសំខាន់នោះគឺមិនមែនចំនួនមនុស្សតិច ឬច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវមានភស្តុតាងរឹងមាំ។ អ្នករៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសក្រោមបទល្មើស ឧបឃាត ចំណែកឯអ្នកដែលចូលរួមក្នុងផែនការនេះ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសពីបទរួមគំនិតក្បត់។
ទី៦ ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធ និងរងការចោទប្រកាន់ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុក និងតតាំងជាមួយបទចោទ ហើយនេះគឺជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនឱ្យរួចផុតពីបទចោទនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ៕កឹំម ទៀង