សាកលវិទ្យាល័យ ជូឡាឡុងកន របស់ថៃ នឹងចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ខ្លួនលើមនុស្សនៅខែមេសាខាងមុខនេះ
ថៃ៖ មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៅសកលវិទ្យាល័យជូឡាឡុងកន នឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង Covid-19 ទៅលើមនុស្ស ដែលប្រើបច្ចេកវិទ្យា mRNA របស់ខ្លួន ដែលមានឈ្មោះថា Chula-Cov19 នៅក្នុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។
បើតាមនាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ថៃលោក គាត រូករុងថាម ការសាកល្បងចាក់វ៉ាក់សាំង Covid-19 លើមនុស្ស នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ៧២នាក់ ដើម្បីវាយតម្លៃពីកម្រិតវ៉ាក់សាំងដែលប្រើត្រឹមត្រូវ ។ ប្រសិទ្ធភាព និងសុវត្ថិភាពដំណាក់កាលទី២ ត្រូវបានរំពឹងថា នឹងអនុវត្តលើអ្នកស្ម័គ្រចិត្តប្រមាណ ៦០០នាក់ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញាខាងមុខនេះ ។
លោកបន្ថែមថា វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA របស់មជ្ឈមណ្ឌលនេះ អាចត្រូវបានរក្សាទុកក្នុងសីតុណ្ហភាព៥អង្សាសេ បើធៀបនឹងវ៉ាក់សាំង Pfizer ដែលត្រូវរក្សានៅសីតុណ្ហភាពដក៧០អង្សាសេ ។ សាកលវិទ្យាល័យនេះ បានទទួលគំរូវ៉ាក់សាំងពីរោងចក្រនៅសហរដ្ឋអាមេរិក ។ ប្រសិនបើការសាកល្បងលើមនុស្សមានប្រសិទ្ធិភាពនោះ វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន១លានដូសដំបូងអាចនឹងប្រើប្រាស់នៅឆ្នាំនេះតែម្តង ៕ ប្រភព៖ The Thaiger

