ក្រុមហ៊ុនកូរ៉េមួយមានផែនការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា១ពាន់តោននៅដើមឆ្នាំ២០២១នេះ ទៅកាន់ទីផ្សារកូរ៉េ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានឲ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។

អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការចរចាយ៉ាងស្វិត ស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយនូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។

ជាលទ្ធផល អស់រយ:ពេល៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី១៥ មករា ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២០ មុនពេលដែលមានជំងឺកូវីដ-១៩ផ្ទុះខ្លាំង ផ្លែ ស្វាយស្រស់មានគុណភាពល្អរបស់កម្ពុជាចំនួន៧៧តោន ត្រូវបាននាំចេញដាក់លក់នៅលើទីផ្សារកូរ៉េ។ នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបាន១ពាន់តោនទៅកាន់ទីផ្សារកូរ៉េ។

យោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់” គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។ ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឲ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។

ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។ បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ មករាឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យចាត់មន្រ្តីជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។

កាលពីថ្ងៃទី២០ មករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន១តោន ហើយគេសង្ឃឹមថា បរិមាណនោះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយខាងមុខ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២ម៉ឺន៤ពាន់៣១៩ ហិចតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន ៩ម៉ឺន១ពនា់៣៩៨ហិចតា ដោយទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោនក្នុងមួយហិចតា ក្នុងមួយរដូវ ដែលមានបរិមាណផលសរុបចំនួន ១លាន៤សែន៤ម៉ឺន៨ពាន់៦៧៧តោន៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner