ឯកឧត្តម ជា ចាន់តូ ថ្លែងថា ក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា ចាំបាច់ត្រូវមានវិធានការ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ក្នុងស្ថានភាព នៃការរងផលប៉ះពាល់ពី វីរុសកូវីដ១៩ ធនាគារជាតិ នៃកម្ពុជា ចាំបាច់ត្រូវមានវិធានការ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុក អតិថិជន ។ ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ដូចនេះ ក្នុងឱកាសបើកសិក្ខាសាលាដែលរៀបចំនៅខេត្តបន្ទាយ មានជ័យ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ឯកឧត្តម ជា ចាន់តូ បានបន្តថា កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងស្ថានភាព នៃការ រីករាលដាលនៃជំងឺកូវីដ១៩ គឺជាប្រធានបទថ្មី ត្រូវបានធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយជាលើកទី១ នៅខេត្តបន្ទាយមានជ័យនាពេលនេះ ។
ឯកឧត្តម ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដែរថា ដើម្បីរក្សា ស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ខណះដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ដែលមិនទាន់បញ្ចប់នៅឡើយនេះ ធនាគារជាតិនៃកម្ពុជា ចំបាច់ត្រូវតែបន្តដាក់ចេញនូវវិធានការនានា សម្រាប់ជួយដល់វិស័យនេះ និងចូលរួមដោះស្រាយសម្រាលបន្ទុកអតិថិជនខ្ចីប្រាក់ ជាពិសេស ក្នុងអំឡុងពេលនៃការ រីករាលនៃជំងឺកូវីដ១៩ ហើយកន្លងមក ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនចំពោះគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមាន ដូចជា ការកំណត់អត្រា ការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់, ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេល នៃការប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩, ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរបន្ថយកម្រៃ សេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន, ការបង្កើតប្រព័ន្ធទូរស័ព្ទ សម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តន៍យុទ្ធនាការ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ។
ដោយឡែក ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលរបស់វីរុសកូវីដ១៩នេះដែរ គេបាន រកឃើញថា មានប្រជាជនកម្ពុជាជាង ៨ម៉ឺននាក់ ដែលត្រលប់ពីប្រទេសថៃ គ្មានលទ្ធភាពរកចំណូល សម្រាប់សងកម្ចី មីក្រូហិរញ្ញវត្ថុ ហើយស្ថិតក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាល កំពុងចាត់វិធានការបង្ការ និងជួយប្រជាពលរដ្ឋ ដែលរង ផលប៉ះពាល់ពីកូវីដ១៩នេះ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ នៅមានជនឆ្លៀតឱកាសមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន មិនពិត និងគ្មានប្រភពច្បាស់លាស់អំពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងចេតនាបំពុលបរិយាកាសសង្គម ដើម្បីចំណេញ ប្រយោជន៍ផ្ទាល់ខ្លួន។
ចំពោះបញ្ហានេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឲ្យជួយចូលរួម បង្កើនការផ្សព្វផ្សាយ ចំណេះដឹងនានាពាក់ព័ន្ធហិរញ្ញវត្ថុ ដូចជា កាតព្វកិច្ចទទួលខុសត្រូវចំពោះប្រាក់កម្ចី ការប្រើប្រាស់ ប្រាក់កម្ចីឲ្យត្រឹមត្រូវនិងចំគោលដៅ, និងត្រូវស្វែងរកកម្ចីពីគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញា បណ្ណ និងការសន្សំប្រាក់ ។ ដូចនេះ ការរៀចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺដើម្បីផ្ដល់ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ឲ្យយល់ដឹងអំពីសារៈសំខាន់ បញ្ហាប្រឈម និងដំណោះស្រាយនានា នៅក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុ និងចូលរួមដោះស្រាយទាំងអស់គ្នា ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅក្នុងក្នុងសិក្ខាសាលា នេះថា ក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយ សមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់។ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧ ១៥៨នាក់ បានធ្វើការ ស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ១១៨១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទាន ឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨លានដុល្លា។
ទាក់ទងបញ្ហានេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើដល់ធនាគារជាតិនៃកម្ពុជា ឲ្យបន្ត បើកវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាដូចនេះបន្តទៀតដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ដើម្បីបានយល់ដឹងកាន់តែច្បាស់ក្នុង វិស័យមួយនេះ សម្រាប់យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ខណៈខេត្តនេះ មានអ្នកប្រើប្រាក់កម្ចីច្រើន ហើយ បច្ចុប្បន្ន ក៏មានអ្នករងផលប៉ះពាល់ច្រើនពីវីរុសកូវីដ១៩ ព្រោះខេត្ត មានអ្នកចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ច្រើន ៕